នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ គេឃើញមានមនុស្សជាច្រើនចូលរួម និងទស្សនាការប្រណាំងទូក ហើយសំឡេងស្រែកអ៊ូអរក៏បានលេចឡើងចេញទូកកំពុងប្រណាំងដែលអមដោយកាយវិការរបស់កីឡករតាមទូកនីមួយៗដែលកំពុងអុំយ៉ាងញាប់ដៃលើដងទន្លេចតុមុខ ក្រោយអាក់ខានប្រារព្ធពិធីបុណ្យប្រពៃណីជាតិមួយនេះអស់រយៈពេលបីឆ្នាំ ដោយសារផលវិបាកផ្សេងៗដែលបណ្តាលមកពីការឆ្លងរាតត្បាតជំងឺកូវីដ១៩។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន ជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេស ជាពិសេស ចំណុះទូកងរបស់ជនជាតិអាឡឺម៉ង់ មកពីខេត្តកណ្តាល ក៏បានផ្តល់ភាពទាក់ទាញ និងចំណាប់អារម្មណ៍ពីសំណាក់មហាជន ផងដែរ។

ក្នុងបណ្តាញសង្គមតេឡេក្រាមផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារៈ ផ្តល់ជាសេចក្តីសុខផ្នែកផ្លូវចិត្តដល់អ្នកទេសចរណ៍ ក្នុងការធ្វេីដំណេីរ និងទស្សនាកំសាន្តដោយភាពជឿជាក់បំផុត។
នាថ្ងៃទីបី នៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ ក៏សង្កេតឃើញមានកំណើតភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិយ៉ាងច្រើនកុះកុរមកទស្សនាការប្រណាំងទូកតាមដងទន្លេនៅមុខព្រះបរមរាជវាំង។ ជាមួយគ្នានេះ ក៏មានការតាំងពិព័រណ៍ស្តង់ទំនិញជាច្រើនតាតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគំជូននៅតាមទីតាំងសប្បាយភាពនានា ដែលថ្ងៃនេះជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ៕






