អបអរសាទរបទចម្រៀង « Call Me PaPa » របស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត មិនត្រឹមតែល្បីល្បាញនៅក្នុងប្រទេសប៉ុណ្ណោះទេ ពេលនេះបទចម្រៀង « Call Me PaPa » បានល្បីល្បាញជុំវិញពិភពលោក ជាក់ស្តែងនៅលើបណ្តាញសង្គម Tik Tok មានអ្នកចូលទស្សនារហូតដល់ទៅ 1400លានដងនៅជុំវិញពិភពលោក។នេះបើតាមការបង្ហាញលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។

ភាពល្បីល្បាញនៃបទចម្រៀង « Call Me PaPa » គឺជាសមិទ្ធផលធំថ្មីមួយទៀតរបស់តារាចម្រៀង ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្ម Galaxy Navatra ហើយក៏ជាមោទនភាពដ៏ធំមួយសម្រាប់វិស័យសិល្បៈចម្រៀងខ្មែរនៅលើឆាកអន្តរជាតិ ដោយសារតែបទចម្រៀងមួយបទនេះអាចទាក់ទាញអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសឱ្យចូលទស្សនាច្រើនជាពិសេសនៅលើបណ្តាញសង្គម Tik Tok មានអ្នកចូលទស្សនារហូតដល់ទៅ 1400លានដងនៅជុំវិញពិភពលោក ដែលចំនួននេះមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្របទចម្រៀងរបស់ខ្មែររយៈពេលដ៍ខ្លីនេះ។
សិល្បករខ្មែរជាច្រើនរូបបានសាទរចំពោះភាពល្បីល្បាញនៃបទចម្រៀង « Call Me PaPa » របស់កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត នេះដោយចាត់ទុកថាគឺជាមោទនភាពខ្លាំងណាស់សម្រាប់វិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា បទ “CALL ME PAPA” ត្រូវបានមហាជនក៏ដូចជាអ្នកផលិតវីដេអូល្បីឈ្មោះជា ច្រើន បានវាយតម្លៃថាបទចម្រៀងរបស់កម្ពុជាមួយបទនេះមិនចាញ់បទចម្រៀងល្បីលើពិភពលោកឡើយ ព្រោះកាមេរ៉ាដែលប្រើប្រាស់ថតបទចម្រៀងមួយបទនេះជាកាមេរ៉ាទំនើបចុងក្រោយគេ ហើយអ្នកថតសុទ្ធតែប្រជុំទៅដោយអ្នកជំនាញៗ។
តាមរយៈបទចម្រៀងនេះហើយបានជំរុញទឹកចិត្តឲ្យកំពូលតារាចម្រៀងរូបនេះ នាំយកអ្វីដែលថ្មីៗទៅកាន់ទស្សនិកជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួន ដោយលោកឧកញ៉ា ខេមរៈ សិរីមន្ដ ជាអ្នកចេញដឹកនាំការផលិតដោយផ្ទាល់ខ្លួនលោកតែម្ដង។
បើទោះបីជាបទចម្រៀងមួយបទនេះបានចេញជាផ្លូវការអស់ពេលជាច្រើនខែមកហើយក្តី ភាពល្បីល្បាញនៃបទ “CALL ME PAPA” នៅតែមានសន្ទុះនៃការគាំទ្រមិនចេះរីងស្ងួតឡើយ ជាក់ស្តែងមិនថាក្នុងកម្មវិធីជប់លៀង , ពិធីមង្គលការ ឬការជួបជុំដំណើរកម្សាន្តតាមទីជិតឬទីឆ្ងាយ នៅតែពេញនិយមស្តាប់ និងរាំលេងកម្សាន្តជាមួយបទចម្រៀងនេះដោយក្តីរីករាយ៕

