រដូវកាលចូលឆ្នាំខ្មែរកាន់តែខិតកៀកចូលមកដល់ ហើយអាកាសធាតុក៏កំពុងឡើងកម្ដៅខ្លាំងសឹង តែពេញមួយផ្ទៃប្រទេសកម្ពុជា ដែលធ្វើឲ្យប្រជាជនកំពុងមានផលលំបាកជាខ្លាំង ដោយសារពិបាកទ្រាំជាមួយសីតុណ្ហភាពដ៏ក្ដៅ ៤០អង្សាបែបនេះ។
ក៏ប៉ុន្តែទោះជាមេឃឡើងកម្ដៅសឹងតែគ្រប់ខេត្តក្រុងមែន តែសីតុណ្ហភាពនៅលើភ្នំបូកគោ នៅតែមានសភាពត្រជាក់ ២៧អង្សា ដែលសាកសមឥតខ្ចោះក្នុងការធ្វើដំណើរកម្សាន្ត គេចចេញពីអាកាសធាតុ ដែលកំពុងឡើងកម្ដៅខ្លាំងបែបនេះ។
ជាមួយគ្នា លោកអ្នកដែលមានបំណងទៅលេងនៅភ្នំបូកគោ គេចចេញពីអាកាសធាតុកំពុងក្ដៅ សឹងតែឆេះខ្លួន ក៏អាចចូលលេងនៅរមណីយដ្ឋានឋានសួគ៌បូកគោ របស់អ្នកឧកញ៉ា សុខ គង់ ដែលមានទីតាំងនៅលើកំពូលភ្នំដ៏ត្រជាក់ខួបប្រាំង ខួបវស្សានេះផងដែរ។
បើសិនជាលោកអ្នកធ្វើដំណើរកម្សាន្តទៅលេងនៅលើភ្នំបូកគោនាខែនេះ លោកអ្នកក៏អាចទស្សនាសោភ័ណ្ឌភាពផ្ការីកដ៏ស្រស់ស្អាតលើកំពូលភ្នំ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ គេចចេញពីទីក្រុងដ៏មមាញឹក និងអាកាសធាតុដ៏ក្ដៅសឹងតែទ្រាំមិនបានផងដែរ៕