ខេម ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ពេលនេះបានសាកល្បងចេញរកស៊ីហើយ ដោយអាជីវកម្មដំបូងមួយនេះ បានប្រើដើមទុនរហូតជាង២០ម៉ឺនដុល្លារឯណោះ។

មុខជំនួញដំបូងរបស់ ខេម មិនមែនជាអចលនទ្រព្យដូចថៅកែរបស់ខ្លួនឡើយ ពោលគឺលោកបានបើកជាភោជនីយដ្ឋាន(ផាប់) លក្ខណៈស្តង់ដារមួយ។ តារាចម្រៀងល្បីឈ្មោះរូបនេះ បានថ្លែងឲ្យដឹងថា មូលហេតុដែលនាំឲ្យលោកសម្រេចចិត្តបើកភោជនីយដ្ឋាន(ផាប់) នេះ ក៏ព្រោះតែ លោកគិតថា ខ្លួនចង់មានមុខរបរបន្ទាប់បន្សំមួយក្រៅពីការងារសិល្បៈ ត្បិតអីទៅថ្ងៃអនាគតមិនអាចតែពឹងលើសិល្បៈមួយមុខបានឡើយ។

ខេម បានបង្ហើបឲ្យដឹងថា T&Y Restaurant ដែលខ្លួនហ៊ានវិនិយោគលើកដំបូងនេះ បានប្រើទុនរហូតដល់ទៅជាង២០ម៉ឺនដុល្លារឯណោះ ហើយមុខជំនួញនេះ មិនមានអ្នកណាម្នាក់ចូលហ៊ុនជាមួយឡើយ គឺលោកបើកផ្ដាច់មុខតែម្ដង ប៉ុន្តែក្នុងនោះមានការប្រឹក្សាពីបងប្រុសរបស់លោកម្នាក់ដែរ។

ការសម្រេចជ្រើសទីតាំងជិតវត្តសំរោងអណ្ដែត មកផ្ដើមអាជីវកម្មលើកដំបូងនេះ ខេម បានសិក្សាជាច្រើនឆ្នាំនឹងច្បាស់លាស់ ដោយលោកយល់ថា ម្ដុំនោះមានហាងច្រើន ប៉ុន្តែហាងបែប(ផាប់) មានប៊ែនច្រៀង មិនទាន់មាននៅឡើយទេ ដូចនេះការបើកនៅទីតាំងនេះ វាពិតជាងាយស្រួលដល់អតិថិជនដែលចង់សប្បាយបែបផាប់ មិនចាំបាច់ចូលកណ្ដាលទីក្រុងនោះទេ អាចមកកន្លែងលោកបាន។

ខេម បានពន្យល់នៃពាក្យ T&Y Restaurant មានន័យថា (Thank you អរគុណ) ដែលពាក្យមួយនេះមនុស្សគ្រប់គ្នាតែងនិយាយជាការគួរសម។
T&Y Restaurant បានបើកលក់សាលល្បងប៉ុន្មានថ្ងៃមកហើយ ឃើញថា មានការគាំទ្រច្រើន ថ្ងៃសម្ពោធជាផ្លូវការគ្រោងធ្វើនៅថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាងនេះ។ ភ្ញៀវកិត្តិយសដែលធ្វើខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗ និងមានការ Discount យ៉ាងពិសេសជូនភ្ញៀវកិត្តិយសផងដែរ។

ទទឹមគ្នានោះដែរ ខេម ក៏បានស្នើដល់អ្នកគាំរបស់លោក ជាពិសេសអ្នកដែលរស់នៅតំបន់ហាងរបស់លោក មេត្តាចូលសាកល្បងមុខម្ហូប ស្ដាប់ភ្លេងហាងថ្មី របស់លោកឲ្យបានច្រើនកុះករផងដែរ៕














