Galaxy Navatra Thailand ដែលជាផលិតកម្មថ្មីស្រឡាងមួយនៅប្រទេសថៃ ដែលបានប្រកាសសហការវិនិយោគលើវិស័យចម្រៀងរួមគ្នាជាមួយ Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា គ្រោងបញ្ចេញអាល់ប៊ុលថ្មីដំបូងរបស់ខ្លួននាឆាប់ៗខាងមុខនេះហើយ តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម នឹងក្លាយជាតារាចម្រៀងទី១ ចេញច្រៀងជាភាសាថៃមុនគេ។

លោក យឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy Navatra បានឲ្យដឹងបន្ទាប់ពីភាគីថៃធ្វើcompeign លើបទចម្រៀងមួយបទដែលមានចំណងជើងថា”ចូលដណ្ដឹងបងទៅ”ដែលច្រៀងរួមគ្នាដោយតារាចម្រៀងខ្មែរ តន់ ចន្ទសីម៉ា និងតារាចម្រៀងប្រុសថៃម្នាក់កាលពីពេលថ្មីៗកន្លងទៅនោះ ឃើញថាទទួលបានការគាំទ្រយ៉ាងកក្រើកនៅថៃ ដូចនេះទើបផលិតកម្មនឹងធ្វើបទចម្រៀងឲ្យតន់ ច័ន្ទសីម៉ាច្រៀងជាផ្លូវការនាពេលនេះមុនគេ។

លោក យឹម តាស្រង់ លើកឡើងថាអាល់ប៊ុមថ្មីដំបូង របស់តន់ ចន្ទសីម៉ា នោះមានការចូលរួមពីក្រុមភ្លេងជនជាតថៃ៤រូប ចូលរួមប្រគំភ្លេង ។ ក្នុងនោះផងដែរ បទចម្រៀងល្បីដែលសុទ្ធតែជា original song របស់ផលិតកម្មGalaxy Navatra នឹងត្រូវប្រែសម្រួលជាភាសាថៃ ព្រមទាំងមានការផលិតថ្មីៗជាច្រើនទៀតផងដែរ។

លោក លោក យឹម តាស្រង់ បានបន្តឲ្យដឹងទៀតថា ជាជំហានដំបូងនេះយើងសម្រេចតែ តន់ ចន្ទសីម៉ា ម្នាក់សិន ហើយបន្ទាប់មកខាងផលិតកម្មនឹងបញ្ជូនតារាចម្រៀងជាបន្តបន្ទាប់ទៀតច្រៀង។

អ្នកនិពន្ធដែលមានប្រវត្តិចូលជ្រកក្រោមផលិតកម្មមួយណាធ្វើឲ្យល្បីផលិតកម្មនោះល្បី មិនបានទម្លាយប្រាប់ចំនួនបទចម្រៀង នៃអាល់ប៊ុម ជាភាសាថៃលើកដំបូង របស់តន់ ច័ន្ទសីម៉ា ឡើយ ប៉ុន្តែលោកបែរជា ប្រាប់ថា បច្ចុប្បន្ន តន់ ច័ន្ទសីម៉ា ក្រៅតែមមាញឹកលើការផលិតបទចម្រៀងថ្មីជាច្រើនបទទាំងបទខ្មែរនឹងបទថៃនោះ តារាចម្រៀងស្រីមាឌល្អិតសំឡេងលះរូបនេះ ក៏កំពុងតែខិតខំប្រឹងប្រែងរៀនភាសាថៃ និងភាសាអង់គ្លេសជាខ្លាំង ដើម្បីសម្រុកតាមផែនការរបស់ក្រុមហ៊ុន ៕


