ភ្នំពេញ៖ ផ្ការីកគ្រប់រដូវ គឺជាក្រុមបាល់ទាត់ដែលបង្កើតឡើង និងដឹកនាំក្រុមដោយ លោកពាក់មី ហើយរាល់ព្រឹត្តិការណ៍បាល់ទាត់របស់ ផ្ការីកគ្រប់រដូវ តែងតែបង្កើតឡើងក្នុងគោលបំណងសប្បុរសធម៌ ដើម្បីស្វែងរកថវិកាជួយទៅកាន់មូលនិធិកុមារ សាលារៀន និងមន្ទីរពេទ្យជាដើម។ នៅពីក្រោយព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌របស់ក្រុម ផ្ការីគ្រប់រដូវ តែងតែមានការជ្រោមជ្រែង និងឧបត្ថម្ភធំឥតសំចៃដៃពីអ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺអ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ផ្ទាល់។

ចក្ខុវិស័យនៃក្រុម ផ្ការីកគ្រប់រដូវ និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺស្របគ្នាតែមួយ ដោយខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនផលិតភេសជ្ជៈ «Made in Cambodia» ដែលបង្កើតឡើងដោយសហគ្រិនខ្មែរ និងរីកលូតលាស់នៅកម្ពុជា តែងតែមានផ្នត់គំនិតជួយត្រលប់ទៅកាន់សង្គមវិញ តាមរយៈការឧបត្ថម្ភទៅលើវិស័យនានា រួមមានវិស័យអប់រំ វិស័យសុខាភិបាល វិស័យទេសចរណ៍ ហើយជាពិសេសនោះគឺវិស័យកីឡានៅកម្ពុជា។

ក្នុងស្មារតី «ខ្មែរ ជួយ ខ្មែរ» ខ្មែរ ប៊ែវើរីជីស កន្លងមកបានឧបត្ថម្ភដល់ការព្រឹត្តិការបាល់ទាត់សប្បុរសធម៌របស់ក្រុម ផ្ការីកគ្រប់រដូវ សរុប៩ដងហើយ ដែលក្នុងនោះរួមមាន ការប្រកួតស្វែងរកថវិកាជូនទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ស្វែងរកថវិកាជូនមណ្ឌលកុមារកំព្រាក្នុងខេត្តព្រៃវែង ស្វែងរកថវិកាជួយព្យាបាលជំងឺអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ហួត សុគន្ធា និងឧបត្ថម្ភភេសជ្ជៈក្នុងការប្រកួតមិត្តភាពជាច្រើនទៀត។ ថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភថវិកា ៧,៧៧៧ដុល្លារ ក្នុងការប្រកួតរបស់ ផ្ការីកគ្រប់រដូវ ជាមួយនឹងថ្នាក់ដឹកនាំខេត្តស្វាយរៀង ដើម្បីស្វែងរកមូលនិធិជួសជុល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសាលាបឋមសិក្សា ថ្នល់កែង និងឧបត្ថម្ភក្នុងការចែកជូន ទឹកពិសាកម្ពុជា ដោយឥតគិតថ្លៃដល់ក្រុមកីឡាករ និងអ្នកចូលរួមទស្សនាក្នុង ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បី អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ ផ្ការីកគ្រប់រដូវ ជាមួយនឹងថ្នាក់ដឹកនាំខេត្តសៀមរាប។

កាយវិការនេះ បង្ហាញឱ្យឃើញថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនគំរូ ធ្វើយ៉ាងណាលើកស្ទួយវិស័យកីឡានៅកម្ពុជា បង្វែរឱ្យយុវជនដែលជាទំពាងស្នងឬស្សីនៃជាតិ ងាកមកចូលរួមលេងកីឡា ដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗ ជាពិសេសគឺលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាកម្ពុជាឱ្យកាន់តែល្បីសុះសាយនៅលើឆាកអន្តរជាតិ៕



