ទំព័រហ្វេសបុកផេកក្រសួងទេសចរណ៍ បានឲ្យដឹងថា ឆ្នាំ២០២០ ប្រទេសកម្ពុជា នៅតែជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់មកទស្សនា និងរស់នៅ ដោយមានស្ថាប័ន និងក្រុមហ៊ុនអន្តរជាតិមួយចំនួនបានធ្វើការបង្ហាញដូចតទៅ៖

ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន My International Movers ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស អាមេរិក និង អូស្ត្រាលី បានចុះផ្សាយពីប្រទេសរួសរាយបំផុតទំាង ១០ សម្រាប់មកទស្សនា និងរស់នៅទូទាំងពិភពលោក (Top 10 Friendliest Countries in the World to Move To)។ ទិន្នន័យដែលក្រុមហ៊ុនទទួលពីការស្រាវជ្រាវបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាគឺជាគោលដៅដ៏ល្អបំផុត ដោយមានប្រជាជនរួសរាយរាក់ទាក់ និងដំណើរកម្សាន្តដែលមានតម្លៃសមរម្យ។

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ គេហទំព័រ OUTRAGE Travel បានចុះផ្សាយអំពីប្រទេសដ៏មានសុវត្ថិភាពបំផុតទាំង៥ សម្រាប់មកទស្សនានៅក្នុងតំបន់អាស៊ី (Five of the safest places to visit in Asia) ដោយកម្ពុជាត្រូវបានជាប់ជាប្រទេសដែលមានសុវត្ថិភាពបំផុត និងបង្ហាញថាជាប្រទេសដែលមានវប្បធម៌ ព្រមទាំងបុរាណស្ថានបែបសាសនាដ៏សម្បូរបែប។

ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ កម្ពុជាក៏ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០២០ (International Travel Award 2020) ដោយសមាគមអ្នកនិពន្ធទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Pacific Area Travel Writers Association) ដែលមានស្នាក់ការនៅប្រទេសឥណ្ឌា ដោយបានចាត់ទុក “កម្ពុជា៖ គោលដៅដ៏ល្អបំផុតសម្រាប់បេតិកភណ្ឌវប្បធម៌” (Cambodia-Best Destination for Heritage)។

ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនអន្តរជាតិ Big 7 Travel បានចុះផ្សាយពីគោលដៅទេសចរណ៍ល្អបំផុតសម្រាប់ការសម្រាកលំហែចំនួន ៧ កន្លែង លើពិភពលោក (The 7 Most Relaxing Locations In The World) ដោយខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក៏ជាកន្លែងមួយក្នុងនោះផងដែរ។ បើយោងតាមព័ត៌មានរបស់វេបសាយ Big 7 Travel បានបង្ហាញថា សៀមរាបជាទីក្រុងស្ងប់ស្ងាត់ដ៏សែនមនោរម្យ ដោយមានរមណីយដ្ឋាន និងប្រាសាទដ៏ទាក់ទាញជាច្រើនកន្លែង ជាពិសេសប្រាសាទអង្គរវត្ត។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងទេសចរណ៍បានផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពស្ដីពីការធ្វើដំណើរ និងទេសចរណ៍ ហើយក្រសួងក៏បាននឹងកំពុងរៀបចំផែនទីបង្ហាញផ្លូវដើម្បីស្តារឡើងវិញវិស័យទេសចរណ៍ ឆ្នាំ២០២១- ២០២៥ ផងដែរ ។

សូមបញ្ជាក់ដែរថា ការផ្តល់នូវចំណាត់ថ្នាក់ទាំងនេះបានបង្ហាញអំពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទាក់ទាញអ្នកទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិកូវីដ-១៩ ។




