កាលពីម្សិលមិញនេះ រថយន្ត Supercar និង Hypercar ជាច្រើនគ្រឿង បានបង្ហាញវត្តមាននៅខេត្តសៀមរាប និងរៀបចំការបើកបរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិចាស់ មុនព្រឹត្តិការណ៍ដ៏កក្រើក Gumball 3000 ដែលត្រូវធ្វើឡើងនាពាក់កណ្ដាលខែកញ្ញា។

ក្នុងព្រឹត្តិការណ៍បើកបរសាកល្បងនោះ ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង ក៏បានចូលមកបើករថយន្តតម្លៃខ្ទង់លានដុល្លារ Bugatti Chiron ផងដែរ ដោយបានជាន់ហ្គែរមួយជើង ល្បឿនរថយន្តលោតដល់ជិត ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្ត Bugatti Chiron របស់លោកឧកញ៉ា លាង ពៅ (ភីធើរ) គឺអាចបើកបរដល់ល្បឿនអតិបរមា រហូតដល់ល្បឿន ៣៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រើពេលត្រឹម ២,៤វិនាទីប៉ុណ្ណោះ បើសិនជាន់ពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើដំណើរចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាថ្ងៃទី១៥ ខែកញ្ញា ស្នាក់នៅរាជធានីភ្នំពេញ១យប់ និងស្នាក់នៅខេត្តសៀមរាប១យប់ រួចត្រឡប់ទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៧ ខែកញ្ញា។
ការជ្រើសរើសយកខេត្តសៀមរាបដើម្បីរៀបចំព្រឹត្តិការណ៍នេះ គឺជាចូលរួមជំរុញពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងទឹកដីប្រវត្តិសាស្ត្រនៃតំបន់សៀមរាបអង្គរទៅកាន់ពិភពលោកតាមរយៈការចូលរួមពីបុគ្គលល្បីៗមកពីជុំវិញពិភពលោក។ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះនឹងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តសេរី ហើយចំពោះថវិកាដែលបានមកពីព្រឹត្តិការណ៍នេះនឹងបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរទាំងអស់៕






