ព្រឹត្តិការណ៍ Gumball 3000 ខិតកាន់តែកៀកមែនទែនហើយ ខណៈឧកញ៉ា លាង ពៅ (ភីធើរ) ក៏បានត្រៀមនូវរថយន្តប្រណីតបំផុតរបស់លោក គឺ Bugatti Chiron ចំនួន ២គ្រឿង និងមានតម្លៃខ្ទង់លានដុល្លារ សម្រាប់ចូលរួមព្រឹត្តិការណ៍មួយនេះផងដែរ។
តាមការឲ្យដឹងពីអ្នកជំនាញបានបង្ហើបថា តម្លៃរថយន្ត Bugatti Chiron របស់លោកឧកញ៉ា គឺមានតម្លៃប្រហែល ៤លានដុល្លារ ហើយមានតែមួយគ្រឿងគត់នៅក្នុងប្រទេសកម្ពុជា ខណៈរថយន្តទាំង២នេះ ក៏នឹងចូលរួមជិះឆ្លងកាត់ ៥ប្រទេសរួមមាន វៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ក្នុងរយៈចម្ងាយ ៣០០០ម៉ាយថែមទៀត។
កម្មវិធីផ្លូវការនៃព្រឹត្តិការណ៍ដ៏ធំ GUMBALL 3000 នៅកម្ពុជា ជាលើកដំបូងនៅថ្ងៃទី ១៥ ១៦ ១៧ ខែកញ្ញាខាងមុខនេះ ក្រោមវត្តមានដឹកនាំដោយក្រសួងទេសចរណ៍ដោយមាន ឯកឧត្តម គុជ បញ្ញាសា តំណាងឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន សហការជាមួយក្រុមហ៊ុន ជីប ម៉ុង សហការជាមួយខេត្តសៀមរាប នឹងភាគីពាក់ព័ន្ធ។
គួរជម្រាបដែរថា ព្រឹត្តិការណ៍ Gumball 3000 ដែលធ្វើឡើងជាលើកដំបូងនៅកម្ពុជា ប្រារព្ធចំគម្រប់ខួប ២៥ឆ្នាំនៃការបង្កើតកម្មវិធីមួយនេះ ហើយនឹងត្រូវបានចូលរួមពីបុគ្គលល្បីៗ សេដ្ឋីៗ និងធុរកិច្ចជនមានមុខមាត់លើឆាកអន្តរជាតិ មកពីច្រើនជាង ៤០ប្រទេសទូទាំងពិភពលោកផងដែរ៕