បើគ្មានអ្វីប្រែប្រួលទេ! ប្រតិភូអន្តរជាតិ Gumball 3000 នឹងឆ្លងកាត់ប្រទេសវៀតណាមចូលមកដល់ប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិបាវិត-ខេត្តស្វាយរៀង រួចបន្តដំណើរជាក្បួនរថយន្តចូលមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២៤ ។ អំឡុងពេលនោះ ប្រសិនបើមានការបិទខ្ទប់ឬផ្អាកការធ្វើដំណើរមួយរយៈនៅតាមមហាវិថីមួយចំនួន សូមអ្នកធ្វើដំណើរទាំងឡាយមេត្តាយោគយល់អធ្យាស្រ័យ។
ក្បួនរថយន្តអាចនឹងឆ្លងកាត់មហាវិថីធំៗដូចជា មហាវិថីសម្ដេចសុធារស មហាវិថីព្រះមុន្នីរង្ស រង្វង់មូលវិមានឯករាជរហូតដល់ត្រង់ចំណុចរង្វង់មូលសម្ដេចសង្ឈរាជ ជួន ណាត និងសួនវត្តបទុមវតី។ ជាមួយគ្នានោះដែរ គណៈប្រតិភូ និងអាជ្ញាធរពាក់ព័ន្ធ បានត្រៀមរៀបចំព្រឹត្តការណ៍អន្តរជាតិ Gumball 3000 Rally in Cambodia យ៉ាងពិសេសរួចជាស្រេច និងត្រៀមរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយទៅលើសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនអ្នកចូលរួមដែលមានទាំងភ្ញៀវជាតិ និងបរទេសរាប់ពាន់នាក់ នឹងទទួលបាននូវបទពិសោធន៍ដ៏មិនអាចបំភ្លេចបាន ជាពិសេសស្នាមញញឹមនៅលើទឹកដីប្រទេសកម្ពុជា ក្នុងនាមម្ចាស់ផ្ទះរៀបចំមហាព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 លើកទី២៥ នេះ។
ព្រឹត្ដិការណ៍ប្រជុំរថយន្ដប្រណិត Gumball 3000 នៅកម្ពុជាព្រឹត្តិការណ៍ Gumball 3000 Rally ដែលជាការប្រារព្ធខួបលើកទី ២៥ របស់ខ្លួន នឹងចាប់ផ្តើមធ្វើដំណើរចេញពីទីក្រុងសាយហ្គន (Saigon) ទៅប្រទេសសាំងហ្គារពួរ (Singapore) នឹងត្រូវឆ្លងកាត់ប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ។ បើតាមផែនទីផ្លូវការនៃព្រឹត្តិការណ៍ GUMBALL 3000 នៅកម្ពុជានឹងឆ្លងកាត់ទីតាំងសំខាន់ៗនៅក្នុងប្រទេសកម្ពុជា រួមមាន ព្រំប្រទល់បាវិត – ក្រុងភ្នំពេញ – ខេត្តសៀមរាប – និងចាកចេញពីព្រំប្រទល់ប៉ោយប៉ែត បន្តទៅប្រទេសថៃនៅថ្ងៃបន្ទាប់។
កម្មវិធីប្រមូលផ្ដុំដោយរថយន្តទំនើបៗប្រមាណជា ១៥០ គ្រឿងដែលបើកបរដោយបុគ្គលល្បីៗមានឥទ្ធិពលមកពីជាង ៥០ ប្រទេសចម្រុះជាតិសាសន៍ ដែលមានអ្នកចូលរួមសុទ្ធសឹងជា មហាសេដ្ឋី អតីតកីឡាករ កីឡាការិនី តារាហូលីវូដ តារាចម្រៀង តារារ៉េប អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម Youtuber ខ្មែរ និងអន្តរជាតិ រួមទាំងបុគ្គលល្បីៗជា ច្រើនទៀត មកពីជុំវិញពិភពលោកនឹងមកជួបជុំគ្នាដើម្បីចូលរួមព្រឹត្តិការណ៍ Gumball 3000 ដែលធ្វើឡើងលើកដំបូងនៅកម្ពុជា។
កម្មវិធីផ្លូវការនៃព្រឹត្តិកាណ៍ដ៏ធំ Gumball 3000 ជាលើកដំបូងនេះ ត្រូវបានរៀបចំ និងសម្របសម្រួលពីស្ថាប័នកំពូលៗ ទាំងស្ថាប័នរដ្ឋ និងឯកជន ដូចជា៖ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្ដម គុជ បញ្ញាសារ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍, ឯកឧត្តម ទៀ ស្យាម ប្រធានក្រុម Cambodia Car Culture, ជាពិសេស ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងថ្នាក់ដឹកនាំកំពូលៗ ក្រុមហ៊ុន ជីប ម៉ុង រួមទាំង ស្ថាប័នពាក់ព័ន្ធ និងមហាជន អ្នកស្រឡាញ់ចូលចិត្តវិស័យយានយន្តនៅកម្ពុជា ជាច្រើនរូបទៀតផងដែរ។
ព្រឹត្តិការណ៍ GUMBALL 3000 ដែលគ្រប់គ្នាទន្ទឹងរង់ចាំ និងជាព្រឹត្តិការណ៍មួយចូលរួមចំណែកក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ការចូលរួមចំណែកក្នុងសប្បុរសធម៍ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស។ ចូលរួមដោយសេរីនៅថ្ងៃទី១៥ ខែកញ្ញា នៅសួនវត្តបទុម រាជធានីភ្នំពេញនិងថ្ងៃទី១៦-១៧ ខែកញ្ញា នៅខេត្តសៀមរាប៕