តាមរយៈការបង្ហោះសារលើបណ្ដាញសង្គម Facebook ផ្លូវការរបស់អ្នកនាង Leona Chin កីឡាការនីផ្នែកបើកបរយានយន្ត ប្រចាំប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា អ្នកនាងបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ Gumball 3000 ដែលចាប់ផ្ដើមធ្វើឡើងពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា។

មកដល់ទឹកដីរាជធានីភ្នំពេញភ្លាម អ្នកនាង Leona បានធ្វើដំណើរកម្សាន្តទៅកាន់ព្រះបរមរាជវាំង និងតាមកន្លែងកម្សាន្តផ្សេងៗ ហើយថែមទាំងបានត្រៀមខ្លួនរួចស្រេច ក្នុងការបញ្ចេញសមត្ថភាពបើករថយន្ត Drift នៅទីតាំងមុខសួនវត្តបទុម នាថ្ងៃនេះថែមទៀត។

អត្ដពលិកដែលមានសម្រស់ស្រស់សោភារូបនេះ មានឈ្មោះបោះសំឡេងល្បីរន្ទឺនៅក្នុងវិស័យយានយន្ត តាមរយៈសមត្ថភាពផ្ទាល់ខ្លួនរបស់នាង។ កីឡាការិនីចេះនិយាយបីភាសារូបនេះ ជាសមាជិកមួយរូបក្នុងក្រុមប្រណាំងរថយន្តម៉ាឡេសុីឈ្មោះថា «CASTROL RACING TEAM» ដែលបានចូលរួមក្នុងកម្មវិធីប្រណាំងថ្នាក់ជាតិ The Malaysia Championship Series (MCS) ឆ្នាំ ២០២៤ ។

អ្នកនាង Leona Chin ចាប់ផ្ដើមអាជីពនេះកាលពីឆ្នាំ ២០០៦ ជាអ្នកស្រលាញ់រថយន្តប្រណាំងដូចបុរសដែរ។ នាងមានទេពកោសល្យ Drift ឡានយ៉ាងរលូនដោយគ្មានគ្រោះថ្នាក់អ្វីឡើយ ដោយធ្លាប់ជាអ្នកបើកបរឈុតគ្រោះថ្នាក់ក្នុងខ្សែភាពយន្តហូលីវូដជាអ្នកប្រណាំងឡាន និងធ្លាប់ចូលរួមការប្រកួតធំៗជាងមួយរយដងជុំវិញពិភពលោក និងបានឈ្នះពានរង្វាន់ជាច្រើន ហើយថែមទាំងបានក្លាយជាទូតសុច្ឆន្ទៈរបស់ ក្រុមហ៊ុនរថយន្តអន្តរជាតិផងដែរ៕
