មន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រៀមរួចរាល់ទទួលប្រតិភូអន្តរជាតិ Gumball 300 ធ្វើឲ្យប្រាសាទអង្គរវត្តជះពន្លឺភ្លឺចិញ្ចាចនាពេលរាត្រី

កម្សាន្ត

“ការលំអរភ្លេីងពេលរាត្រីនៅប្រាសាទអង្គរវត្ត ក្លោងទ្វារទន្លេអុំ និងប្រាសាទបាយ័ន ត្រូវបានរៀបចំបំភ្លឺដោយពន្លឺភ្លើងនៅពេលរាត្រីយ៉ាង អស្ចារ្យសម្រាប់ព្រឹត្តិការណ៍ Gumball 3000 ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលសំណង់ស្ថាបត្យកម្មបុរាណមានអាយុកាលរាប់ ពាន់ឆ្នាំ ជួបជាមួយភាពអស្ចារ្យនៃសម័យទំនើប” ។ នេះបើតាមការបង្ហោះផ្សព្វផ្សាយដំណឹងពីគណនី Facebook ផេកផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីផ្លូវការនៃព្រឹត្តិកាណ៍ដ៏ធំ Gumball 3000 ជាលើកដំបូងនេះត្រូវបានរៀបចំ និងសម្របសម្រួលពីស្ថាប័នកំពូលៗ ទាំងស្ថាប័នរដ្ឋ និងឯកជន ដូចជា៖ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្ដម គុជ បញ្ញាសារ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍, ឯកឧត្តម ទៀ ស្យាម ប្រធានក្រុម Cambodia Car Culture, ជាពិសេស ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងថ្នាក់ដឹកនាំកំពូលៗ ក្រុមហ៊ុន ជីប ម៉ុង រួមទាំង ស្ថាប័នពាក់ព័ន្ធ និងមហាជនអ្នកស្រឡាញ់ចូលចិត្តវិស័យយានយន្តនៅកម្ពុជា ជាច្រើនរូបទៀត។

ការត្រៀមរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍» នេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តសៀមរាប រួមមាន លោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, តំណាងអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ខេត្ត ស្នងការដ្ឋានគរបាលខេត្ត និងមន្ទីរខេត្តពាក់ព័ន្ធជាច្រើនទៀតចូលរួមផងដែរ។

បើគ្មានអ្វីប្រែប្រួលទេ! ប្រតិភូអន្តរជាតិ Gumball 3000 នឹងស្នាក់នៅប្រទេសកម្ពុជាចំនួន ២យប់៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ រាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែកញ្ញា និងថ្ងៃទី ១៦ ដល់ ១៧ នៅក្នុងខេត្តសៀមរាប។

ក្នុងចំណោមប្រតិភូទាំងនោះក៏មានបុគ្គលមានឥទ្ធិពលមកពីជាង ៥០ ប្រទេសចម្រុះជាតិសាសន៍នឹងមានការចូលរួមផ្ទាល់ដោយលោក Maximillion Cooper នាយកប្រតិបត្តិ និងស្ថាបនិក Gumball 3000 រួមដំណើរដោយលោក Nico Leonard ជា Youtuber ហូឡង់និងជាអ្នកជំនួញម៉ាកនាឡិកាដ៏ល្បីល្បាញ លោក Zizan Razak តារាសម្តែងជនជាតិម៉ាឡេស៊ី លោក Binz Da Poet ពិធីករនិងតារាចម្រៀងរ៉េបល្បីរបស់វៀតណាម លោក Lazarbeamលោក Lachlan និងលោក Darren Watkins Jr. (តារាយូធូប IShowSpeed) ជាបុគ្គលដ៏ល្បីមួយរូបក្នុងពិភព Game និង Live Stream ជា Youtuber អន្តរជាតិដែលអ្នកតាមដានរាប់លាននាក់នៅលើបណ្ដាញសង្គម អ្នកនាង Leona Chin ជើងឯកប្រណាំង ឡានម៉ាឡេស៊ី។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នកមានឥទ្ធិពលរបស់កម្ពុជាជាច្រើនរូបក៏នឹងបង្ហាញវត្តមានក្នុងក្បួនរថយន្តលំដាប់ អន្តរជាតិផងដែរដែលមានដូចជា Chip Mong Group, Rev Up Cambodia, GAC Motor Cambodia, Erich, ឧកញ៉ា ខេមរៈ សិរីមន្ត លោក សុង សុវណ្ណារ៉ា Youtuber កម្ពុជាល្បីៗមាន Fa seng, Chris Dyna, Han Media និង Tom GT និង vlogger ជាច្រើនរូបផ្សេងទៀត។

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ Gumball 3000 ធ្វើឡើងដើម្បីជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងត្រៀមបំបែកកំណត់ត្រាពិភពលោកហ្គីណេស ថវិកាទាំងអស់ដែលទទួលបានពីសប្បុរសជនលើការបរិច្ចាគនិងឧបត្ថម្ភនានា នឹងត្រូវយកទៅជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបទាំងអស់ជាការចូលរួមចំណែកក្នុងសប្បុរសធម៍ និងការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេសនិងនៅក្នុងស្រុក បានជួបគ្នា៕