ក្រោយពេលចាកចេញពីកម្ពុជា ប្រតិភូ Gumball 3000 បានបង្ហាញនូវរូបភាពជាច្រើនពីសកម្មភាពផ្សេងៗក្នុងព្រឹត្តិការណ៍ខួប ២៥ ឆ្នាំរបស់ខ្លួនផ្សារភ្ជាប់ជាមួយពាក្យពេចន៍កោតសរសើរ និងអរគុណកម្ពុជា ធ្វើឱ្យក្រុមខ្លួនមានពេលវេលាដ៏រំភើបមិនធ្លាប់មាននិងមិនអាច បំភ្លេចបាន ទាំងផ្ទាល់មាត់និងតាមរយៈការបង្ហោះរូបភាពវីដេអូជាច្រើននៅលើបណ្ដាញសង្គម។

“ឆ្លងកាត់ពីមួយប្រទេសទៅមួយប្រទេស ឈប់សម្រាកបាយថ្ងៃត្រង់និងពេលល្ងាច ប្រតិភូ Gumball 3000 ដែលមានសមាជិកជាង ២០០ នាក់បានស្ងើចសរសើរមិនដាច់ពីមាត់ពីកម្ពុជា ថាមានតែជាប្រទេសកម្ពុជាមួយគត់ដែលទទួលបដិសណ្ឋារកិច្ចពួកគាត់បានល្អបំផុត ដែលធ្វើឲ្យពួកគាត់មិនអាចបំភេ្លចបាន។ ប្រតិភូ Gumball 3000 ឆ្នាំទី ២៥ នេះពិតជាពិសេសនិងស្ងប់ស្ងែងនូវសកម្មភាពនៃការទទួល បដិសណ្ឋារកិច្ចរបស់កម្ពុជា។” បើតាមប្រសាសន៍របស់ ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុម ប្រឹក្សា ភិបាល ក្រុមហ៊ុន ជីប ម៉ុង បានឡើងថ្លែងសន្ទរកថានៅលើវេទិកាសាធារណៈនៅឯក្រុងប៉ោយប៉ែត ក្រោយបញ្ចប់បេសកម្មផ្ទាល់ខ្លួន និងត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព ទោះបីត្រូវហត់នឿយបន្តដំណើរទៅជាមួយក្បួនរថយន្តប្រតិភូ Gumball 3000 រហូតដល់ចប់ព្រឹត្តិការណ៍ក្នុងចំណាយដី ៣០០០ ម៉ាលយ៍ឯណោះ។

លោក ឧកញ៉ា លាង ពៅ (ភីធើរ) បានបង្ហើបន្ថែមទៀតថា៖ “លោក Maximillion Cooper ជាស្ថាបនិក Gumball 3000 នឹង ចងចាំក្នុងចិត្តមិនបំភ្លេចឡើយដែលធ្វើឲ្យលោកមានពេលវេលាដ៏អស្ចារ្យក្នុង Gumball 3000 ឆ្នាំទី ២៥ នៅកម្ពុជា និងបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសកម្ពុជាដោយពាក្យថា «អរគុណមួយលានដង» ឬ «One Million Thanks You» ចំពោះប្រជាជន រដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធ សមត្ថកិច្ចពាក់ព័ន្ធដែលបានរៀបចំបានយ៉ាងល្អនូវសណ្ដាប់ធ្នាប់ចរាចរណ៍ តាំងពីច្រកអន្តរជាតិ បាវិត-ស្វាយរៀង-រាជធានីភ្នំពេញ-ខេត្តសៀមរាបនិងនៅច្រកអន្តរជាតិប៉ោយប៉ែត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងព្រឹត្តិការណ៍ខួប ២៥ឆ្នាំរបស់ខ្លួនប្រតិភូ Gumball 3000 ដែលធ្វើដំណើរឆ្លងកាត់ប្រទេស កម្ពុជា គឹមានតែកម្ពុជាមួយគត់ដែលទទួលបដិសណ្ឋារកិច្ចកម្រិតផ្កាយ ៥ នៅសណ្ឋាគារហៃយ៉ាត់ រីជិនសុីភ្នំពេញ និងពិធីស្វាគមន៍អាហារ ល្ងាច (ពិសារលៀងសាយ ភោជន៍ (Gala Dinner) ដោយមានបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈបុរាណខ្មែរ មុខប្រាសាទបាយ័ន។ នៅក្នុងការចូលរួមទស្សនាការសម្តែងសិល្បៈបុរាណខ្មែរនេះ ក្រុមប្រតិភូ Gumball 3000 ក៏បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ផងដែរ ដែលជាជារាត្រីដែលមិនអាចបំភ្លេចបានសម្រាប់ក្រុមរបស់ខ្លួន។

គួរជម្រាបដែរថា ព្រឹត្តិការណ៍ Gumball មិនត្រឹមតែបានស្រូបទាញអ្នកមកទស្សនាកម្ពុជាក្នុងអំឡុងពេលកម្មវិធីប៉ុណ្ណោះទេ តែវាក៏បាន ផ្ញើសារទៅកាន់ពិភពលោកនូវសក្តានុពលវិស័យទេសចរណ៍ ស្នាមញញឹមរបស់ប្រជាជន និងបរិយាកាសដ៏សែនកក់ក្តៅ ដែលអ្នកចូល រួមកម្មវិធីបានចែករំលែកនៅលើទំព័របណ្តាញសង្គមរបស់ពួកគេថែមទៀតផង៕




