លោក Maximillion Cooper ជាអគ្គនាយកនិងជាស្ថាបនិក Gumball 3000 បាននិយាយតែមួយម៉ាត់ប៉ុណ្ណោះគឺ «Unprofessional» ដែលមានន័យថា «មនុស្សដែលមានអត្តចរិតធ្វើការឡេះឡោះគ្មានជំនាញមិនគោរពតួនាទីខ្លួន» ។ ពាក្យពេចន៍ប៉ុណ្ណេះអាចរៀបរាប់ពីអត្ដចរិត និង របៀបធ្វើការផ្ទាល់ខ្លួនរបស់ iShow Speed ដែលជាបុគ្គលល្បីម្នាក់មានអ្នកតាមដានរាប់លាននាក់នៅលើ YouTube ។ នេះបើយោងតាមប្រសាសន៍របស់ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃទី២៥ ខែកញ្ញា នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្នុងពិធីថ្លែងអំណរគុណដល់ក្រុមការងារស្ម័គ្រចិត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជួយរៀបចំមហាព្រឹត្តិការណ៍ Gumball 3000 ។
លោកឧកញ៉ា លាង ពៅ (ភីធើរ) ពន្យល់បន្ថែមថា ប្រការដែលលោក Maximillion Cooper ពោលដូច្នេះព្រោះតែលោកឃើញផ្ទាល់ហួសចិត្តរកនិយាយមិនចេញពី iShow Speed ។ លោក ធ្លាប់ធ្វើការជាមួយអ្នកបង្កើតមាតិកាល្បីៗរាប់រយនាក់ដូចជា YouTuber, Influencer និងតារាអន្តរជាតិ ពួកគេគោរពសិទ្ធម្ចាស់កម្មវិធីយ៉ាង ខ្ចាប់ខ្ចួន មិនហ៊ានបំពានគោលការណ៍និងវិន័យឡើយ ខុសពីអ្នកបង្កើតមាតិការលើយូធូបម្នាក់នេះ (លោកចង់សំដៅដល់ iShow Spped)។
គួររំឮកដែរថា វត្តមាន iShow Speed នៅក្នុងព្រឹត្តិការណ៍ Gumball 3000 ជាបុគ្គលមានឥទ្ធិពលម្នាក់នៅលើបណ្ដាញសង្គមដែល មានតាមដានកើនឡើងដល់ ៣០ លាន Subscriber អំឡុងពេលរូបគេបង្កើតមាតិកាប្លែកៗតាមរយៈការផ្សាយផ្ទាល់ (livestream)។ iShow Speed ក៏ជាភ្ញៀវកិត្តិយសម្នាក់ក្នុងចំណោមប្រតិភូ Gumball 3000 ដែលនឹងត្រូវបង្ហាញវត្តមាននៅលើឆាកជួបជាមួយប្រិយមិត្ត នៅកម្ពុជា តែបែរជាព្យាយាមគេសវេសម្ដងហើយម្ដងទៀតដោយមិនគោរពកាលវិភាគដែលក្រុមការងារបានរៀបចំឲ្យគេ៕