ក្រោយទទួលបានសំណួររាប់រយរាប់ពាន់នៅលើបណ្ដាញសង្គមដែលសួររក iShow Speed ឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន ជីប ម៉ុង បានបង្ហើបរឿងរ៉ាវនៅពីរក្រោយ និងបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនរបស់លោក ឥតលាក់អ្វីឡើយចំពោះវត្តមាន iShow Speed មកប្រទេសកម្ពុជា។
ថ្លែងនៅឆាកក្នុង «ពិធីជួបជុំថ្លែងអំណរគុណ និងស្វាគមន៍ការអញ្ជើញដល់របស់ លោកឧកញ៉ា លាង ពៅ (ភីធើរ) ពីការបើកបរជាក្បួនរថយន្តក្នុង ព្រឹត្តិការណ៍ Gumball 3000 នៅតំបន់អាសុីអាគ្នេយ៍» កាលពីថ្ងៃទី២៥ ខែកញ្ញា នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លល លោកឧកញ៉ា លាង ពៅ (ភីធើរ) បានលើកឡើងចំៗថា៖ «iShow Speed បង្កបញ្ហាមិនចេះចប់តាំងពីបីខែមុន ព្រឹត្តិការណ៍ Gumball 3000 ដោយការដាក់លក្ខខណ្ឌជាច្រើនដែលរួមមាន តម្រូវឲ្យរកឡានស្ព័រ Lamborghini ឲ្យរូបគេជិះផ្ទាល់ និងរក រថយន្តសម្រាប់ក្រុមការងារ media របស់គេផ្សេងទៀតចំនួន ៦គ្រឿងទើបរូបគេព្រមមកកម្ពុជា។ លុះដល់ថ្ងៃកម្មវិធីអ្វីដែលលោកស្មានមិនដល់ នោះគឺ YouTuber វ័យក្មេងម្នាក់នេះបែរ ជាទុករថយន្តនោះចោលនិងមិនគោរពកាលវិភាគដែលក្រុមការងារបានរៀបចំជូនគេ បែរជាសំងំគេច មុខគេចក្រោយមិនចង់ចេញមុខតាំងពីរាជធានីភ្នំពេញដល់ខេត្តសៀមរាប»។
លោកឧកញ៉ា លាង ពៅ (ភីតធើរ) បានព្រលយមួយឃ្លាចុងក្រោយបន្ថែមទៀតថា “iShow Speed ជាមនុស្សមិនគោរពពាក្យសម្ដី មិនសម ជាកូនបុ្រសសោះ ហ៊ានសុី តែមិនហ៊ានសង” ដែលលោកចង់សំដៅថា ទទួលកម្មវិធីកម្រិតអន្តរជាតិបែរជាមិនគោរពរបៀបវារៈម្ចាស់កម្មវិធី។
គួររំឮកដែរថា វត្តមាន iShow Speed នៅក្នុងព្រឹត្តិការណ៍ Gumball 3000 ជាបុគ្គលមានឥទ្ធិពលម្នាក់នៅលើបណ្ដាញសង្គមដែល មានតាមដានកើនឡើងដល់ ៣០ លាន Subscriber អំឡុងពេលរូបគេបង្កើតមាតិកាប្លែកៗតាមរយៈការផ្សាយផ្ទាល់ (livestream)។ iShow Speed ក៏ជាភ្ញៀវកិត្តិយសម្នាក់ក្នុងចំណោមប្រតិភូ Gumball 3000 ដែលនឹងត្រូវបង្ហាញវត្តមាននៅលើឆាកជួបជាមួយប្រិយមិត្ត នៅកម្ពុជា តែបែរជាព្យាយាមគេសវេសម្ដងហើយម្ដងទៀតដោយមិនគោរពកាលវិភាគដែលក្រុមការងារបានរៀបចំឲ្យគេ៕