សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជីពម៉ុងគ្រុប និងក្រសួងពាក់ព័ន្ធនានាដូចជា ក្រសួងទេសចរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរៀបចំព្រឹត្តិការណ៍ Gumball 3000 រហូតទទួលបានជោគជ័យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីព ម៉ុង ដែលបានរៀបចំព្រឹត្តិការ Gumball 3000 សូមថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធរួមមាន ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលារាជធានីខេត្តសៀមរាប អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាល ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងព្រឹត្តិការ Gumball 3000 រហូតទទួលបានជោគជ័យ»
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា «ដូច្នេះត្រូវឲ្យតម្លៃ ដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំប្រឹងប្រែងធ្វើ ដើម្បីបុព្វេហេតុលើកស្ទួយផ្សព្វផ្សាយពីប្រទេសកម្ពុជាប៉ុណ្ណោះមិនមានបំណងឬគំនិតអាក្រក់នោះឡើយ។ ខ្ញុំសូមធ្វើការកោតសសើរដល់អ្នកពាក់ព័ន្ធ កោតសសើរដល់ឯកឧត្តម សុខ សូកេន ដែលបានបំពេញការងារជាច្រើនខាងទេសចរណ៍ ទោះបីជាមានការប្រែប្រួលលក្ខខណ្ឌមួយចំនួនក៏ដោយ ជាពិសេសការតាំងរថយន្តនៅមុខប្រាសាទអង្គរវត្តដើម្បីបំបែកកំណត់ត្រាការចតរថយន្តទំនើបច្រើនជាងគេនៅលើពិភពលោក»។

សូមបញ្ជាក់ដែរថា ការថ្លែងអំណរគុណរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់ នារី ១,៨២២នាក់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ៕