តាមរយៈកិច្ចខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ Gumball 3000 x Chipmong Group នៅកម្ពុជា ទីបំផុតចេញជាផ្លែផ្កាហើយ ដោយនាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ ស្ថាប័ន Guiness World Records បានសម្រេចដាក់ឈ្មោះប្រទេសកម្ពុជា បំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» ជាផ្លូវការ។ នេះបើតាមការបញ្ជាក់របស់ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង។

ការចូលរួមអបអរ និងគាំទ្រយ៉ាងស្រុះដៃគ្នាពីមហាជនដ៏ច្រើនកុះករ ជាពិសេសការចូលរួមរបស់ម្ចាស់រថយន្ត Supercar, HyperCar និង Luxury Car ប្រចាំប្រទេសកម្ពុជា និងបណ្តាអ្នកស្នេហាវិស័យរថយន្តជាតិ អន្តរជាតិ ដែលចូលរួមដង្ហែរក្បួនរថយន្ត និងចតរថយន្តច្រើនជាងគេមិនធ្លាប់មាននៅពីមុខប្រសាទអង្គរវត្ត បានធ្វើឲ្យកម្ពុជា និង Gumball 3000 x Chipmong Group អាចបំបែកឯកទគ្គកម្មពិភពលោកហ្គីណេស ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

គួររលឹកផងដែរថា មហាព្រឹត្ដិការណ៍ Gumball 3000 x Chipmong Group បានប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ពោលកាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្នុងនោះ នាថ្ងៃទី១៧ ខែកញ្ញា កម្ពុជា និងស្ថាប័ន Gumball 3000 បានបង្កើតប្រវត្តិសាស្ត្រថ្មីរួមគ្នាលើទឹកដីអច្ឆរិយៈ ដែលមានការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុត បង្កើតបានជាកំណត់ត្រាពិភពលោកថ្មី Guiness World Record ដែលមានរថយន្ត Supercar និង Hypercar ចូលរួម ចតមុខប្រសាទអង្គរវត្តដែលជាបេតកភណ្ឌពិភពលោកច្រើនបំផុត៕











