សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង សូមចូលរួមសំដែងនូវការអបអរសាទរដល់ប្រទេសកម្ពុជា នាឱកាសដែលស្ថាប័ន Guiness World Records បានសម្រេចបញ្ចូលឈ្មោះកម្ពុជា ជាប្រទេសដែលបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» ជាផ្លូវការ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ។
សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ដែលរួមមាន លោកជំទាវអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, លោកជំទាវ តែ សុវណ្ណី, លោក ឧកញ៉ា លាង ហួង (ហេនរី), លោកឧកញ៉ា លាង ពៅ (ភីធើរ), លោកជំទាវ គីម ចាន់ណា និងលោកជំទាវ លី សុខឆេង មានមោទនភាពក្នុងនាមជាថ្នាក់ដឹកនាំរបស់ ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនតែមួយគត់ត្រូវបានស្ថាប័ន GUMBALL 3000 ជ្រើសរើសជាដៃគូសហការផ្ដាច់មុខក្នុងការរៀបចំព្រឹត្តិការណ៍ GUMBALL 3000 នៅព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកក្នុងការបង្កើតប្រវត្ថិសាស្រ្តថ្មីជូនប្រទេសកម្ពុជា ក្រោមការដឹកនាំរៀបចំដោយក្រសួងទេសចរណ៍ គាំទ្រពីប្រមុខរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដៃគូសហការឧបត្ថម្ភ ម្ចាស់រថយន្តក្នុងស្រុក និងបងប្អូនប្រជាពលរដ្ឋទាំងអស់។
គួររលឹកផងដែរថា មហាព្រឹត្ដិការណ៍ Gumball 3000 x Chipmong Group បានប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ពោលកាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្នុងនោះ នាថ្ងៃទី១៧ ខែកញ្ញា កម្ពុជា និងស្ថាប័ន Gumball 3000 បានបង្កើតប្រវត្តិសាស្ត្រថ្មីរួមគ្នាលើទឹកដីអច្ឆរិយៈ ដែលមានការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុត បង្កើតបានជាកំណត់ត្រាពិភពលោកថ្មី Guiness World Record ដែលមានរថយន្ត Supercar និង Hypercar ចូលរួម ចតមុខប្រសាទអង្គរវត្តដែលជាបេតកភណ្ឌពិភពលោកច្រើនបំផុត។
ការចូលរួមអបអរ និងគាំទ្រយ៉ាងស្រុះដៃគ្នាពីមហាជនដ៏ច្រើនកុះករ ជាពិសេសការចូលរួមរបស់ម្ចាស់រថយន្ត Supercar, HyperCar និង Luxury Car ប្រចាំប្រទេសកម្ពុជា និងបណ្តាអ្នកស្នេហាវិស័យរថយន្តជាតិ អន្តរជាតិ ដែលចូលរួមដង្ហែរក្បួនរថយន្ត និងចតរថយន្តច្រើនជាងគេមិនធ្លាប់មាននៅពីមុខប្រសាទអង្គរវត្ត បានធ្វើឲ្យកម្ពុជា និង Gumball 3000 x Chipmong Group អាចបំបែកឯកទគ្គកម្មពិភពលោកហ្គីណេស ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕