សំឡេងមួយថ្មី ពណ៌សម្បុរថ្មី បានដិតដាមក្នុងរឿងប្រលោមលោកប្រឌិតសហសម័យនៃអ្នកនិពន្ធ ម៉ី សនសុធារី ជាមួយនឹងការនិទានរឿងដ៏ស៊ីជម្រៅក្នុងមនោសញ្ចេតនានៃបទនិពន្ធ «រឿង ទំនុកភ្លេងស្នេហ៍»។
នៅក្នុងប្រលោមលោកថ្មីចុងក្រោយនេះ ការរុករករបស់អ្នកនិពន្ធអំពីអាថ៌កំបាំង ទំនាស់ និងរឿងអាស្រូវ នៃឧស្សាហកម្មតន្ត្រី ក៏ដូចជាផលប៉ះពាល់លើជនទេពកោសល្យវ័យក្មេង កំពុងរំលឹកឡើងពីស្នាដៃប្រលោកលោកសង្គមដ៏ប្រណីត និងកក្រើករំពើករបស់គាត់«រឿងស្រទន់មន្តស្នេហ៍»កាលពីឆ្នាំ២០១៤។
ពេលនេះ អ្នកស្រីម៉ីសន សុធារី បាននាំអ្នកអានឱ្យធ្វើដំណើរទៅក្នុងឧស្សាហកម្មដ៏មានឥទ្ធិពល គឺពិភពតែងនិពន្ធ និងតន្ត្រី តាមរយៈភាពល្បីល្បាញ កម្រិតសីលធម៌ គុណតម្លៃទាប អាត្មានិយម នៃមនុស្សមួយចំនួនក្នុងពិភពសិល្បៈដែលជា រឿងរ៉ាវដ៏ជក់ចិត្តមួយពេញដោយមេរៀនជីវិតនិងការលើកទឹកចិត្ត។
សាច់រឿង និយាយអំពី យុវជនសក្កដា វណ្ណ តារាកំពុងរះ និងនាង អង្គ លក្ខិណា ដែលជាស្នេហាដ៏រឹងមាំក្នុងឧបសគ្គរាប់ពាន់អន្លើ។
ខណៈដែលពួកគេតស៊ូចូលមកក្នុងពិភពសិល្បៈដ៏ទាក់ទាញ និងគ្រោះថ្នាក់ ឧស្សាហកម្មតន្ត្រីបានលេបត្របាក់ចិត្តស្មោះរបស់ពួកគេ។ ប្រលោមលោកនេះគូសបង្ហាញឆៅៗ និងរស់រវើកាអំពីទំនោរនៃការលះបង់ដើម្បីល្បី អំពើក្បត់គ្នា មិត្តភាព កេងចំណញ សង្គ្រាមសារព័ត៌មាននិងជាច្រើនទៀត នៅពីក្រោយភាពអស្ចារ្យលើឆាក។
ដោយតែងតែផ្តល់ជូនអ្នកអាន នូវការស្វែងយល់អំពីអត្តសញ្ញាណខ្លួន កំណត់ថាមពលមហិច្ឆតា និងអត្ថន័យពិតនៃសេចក្តីស្រឡាញ់ ការនិទានរឿងជាមួយទេពកោសល្យដ៏សំបូរបែបរបស់អ្នកនិពន្ធ ម៉ី សនសុធារី រមែងផ្សារភ្ជាប់ជាមួយទស្សនៈវិជ្ជាដ៏ពិសេស ចំពោះអារម្មណ៍របស់មនុស្សពិត និងសង្គមដែលគេត្រូវច្បាំង។
គាត់បានចំណាយពេលវេលាដ៏មានតម្លៃ មមារញឹក មកបង្កើតបានជាសាច់រឿងជាង៥០០ទំព័រ ជាមួយនឹងប្រធានបទនៃបណ្តុះ សុចរិតភាព តម្លៃនៃកិត្តិនាម វិន័យសីលធម៌ការងារ។
អ្នកនិពន្ធ ម៉ី សនសុធារី បាននិយាយដោយប្រយោល តែជ្រៅ និងមានខ្លឹមសារ តាមរយៈបទនិពន្ធរឿង «ទំនុកភ្លេងស្នេហ៍» នេះទៅកាន់មនុស្សវ័យក្មេងនិងអ្នកទាំងឡាយណាដែលធ្លាប់ប្រឈមមុខនឹងបញ្ហានៃការរក្សាភាពស្មោះត្រង់ចំពោះខ្លួនឯងនៅក្នុងពិភពលោកដែលពោរពេញទៅដោយការល្បួង។
ចូលតាមដានប្រលោមលោកដ៏បំផុសនិងថែទាំផ្នត់គំនិត មិនអាចបំភ្លេចបាននេះនៅ Meysansotheary.com