នៅក្នុងវិស័យសិល្បៈតន្រ្តីតារាចម្រៀងរ៉េប ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញពីសមត្ថភាពពិសេសរៀងៗខ្លួនលើអាជីពជាអ្នកសិល្បៈរបស់ពួកគេ ហើយតារារ៉េបខ្លះមានប្រភពចំណូលច្រើនលើសពីអាជីពសិល្បៈ និងអាស្រ័យលើការ វិនិយោគលើការរកសុីផ្ទាល់ខ្លួនរបស់ពួកគេ។
យើងសង្កេតឃើញថា តារារ៉េប ភាគច្រើនប្រាក់ចំណូលរបស់ពួកគេរកបានតាមរយៈការងារសិល្បៈត្រឹម តែជាផ្នែកមួយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជំរុញឲ្យប្រាក់របស់ពួកគេកើនឡើងតាមរយៈការបង្កើតមុខជំនួញផ្ទាល់ខ្លួនដោយទទួលបានភាពជោគជ័យ ផ្សេងៗគ្នា។ ខាងក្រោមនេះជាកំពូលតារារ៉េបទាំង ១០ មានឈ្មោះក្នុងបញ្ជីសេដ្ឋីពាន់លានដុល្លារនិងលានដុល្លារនៅឆ្នាំ ២០២៤ របស់ទស្សនាវដ្តីដ៏ល្បីល្បាញគឺ Forbes ៖
១០. តារារ៉េប Travis Scott ៖ បច្ចុប្បន្នមានប្រាក់សរុប ២០០ លានដុល្លារអាមេរិក។ រហស្សនាមថា «The Astroworld Star» តារារ៉េបរូបនេះមានសិល្បះក្នុងការតុបតែងខ្លួនប្លែកពីគេ។ រូបគេបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយឈ្មោះថា Cactus Jack Records នៅឆ្នាំ ២០១៧ ត្បិតថាមិនធ្លាប់ឈ្នះ Grammy តែចម្រៀងរបស់គេជាប់ក្នុងបញ្ជី Rap Album of the Year សឹងតែរាល់ឆ្នាំ។
៩. តារារ៉េប Master P ៖ បច្ចុប្បន្នមានប្រាក់សរុប ២០០ លានដុល្លារអាមេរិក។ តារារ៉េបរូបនេះជោគជ័យលើអាជីពសិល្បៈនិងបាន បង្កើតផលិតកម្មផ្ទាល់ខ្លួនមួយឈ្មោះថា «The No Limit Records» លោកមានវ័យជ្រេបន្តិចហើយដល់ទៅ ៥៤ ឆ្នាំក្នុងឆ្នាំនេះ តែសមត្ថភាពចម្រៀងរ៉េបរបស់លោក នៅតែទទួលបានការពេញនិយមពីសំណាក់ប្រិយមិត្តទូទាំងពិភពលោក។
៨. តារារ៉េប Drake ៖ បច្ចុប្បន្នមានប្រាក់សរុប ២៥០ លានដុល្លារអាមេរិក។ តារារ៉េបកាណាដារូបនេះ ធ្លាប់ទទួលបានពានរង្វាន់ Grammys ចំនួន ៥ ។ លោកត្រូវបានគេដឹងថាជាមនុស្សចូលចិត្តវិនិយោគលើអចលទ្រព្យនិងកីឡា។ ក្រៅពីជោគជ័យផ្នែកចម្រៀងរ៉េប លោកបានសហការជាមួយក្រុមហ៊ុនបរទេសដើម្បីផលិតចម្រៀងកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមយុវវ័យសម័យថ្មី។
៧. តារារ៉េប Pharrell ៖ បច្ចុប្បន្នមានប្រាក់សរុប ២៧០ លានដុល្លារអាមេរិក។ គ្រូបង្វឹកក្នុងកម្មវិធីល្បី «The Voice» ធ្លាប់ឈ្នះ បានពានរង្វាន់ Grammys ដល់ទៅ ១០ ឯណោះ។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ ក្រៅពីជោគជ័យផ្នែកចម្រៀងរ៉េប លោកបានសហការជាមួយក្រុមហ៊ុនបរទេស ដើម្បីបង្កើតម៉ាកផលិតនិងវត្ថុប្រើប្រាសកំពុងទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមយុវវ័យសម័យថ្មី។
៦. តារារ៉េប Eminem ៖ បច្ចុប្បន្នមានប្រាក់សរុប ៣៥០ លានដុល្លារអាមេរិក។ តារាររ៉េបរហស្សនាម «The Rap God» ជាម្ចាស់បទ ល្បីល្បាញ “The Real Slim Shady” រូបនេះធ្លាប់ឈ្នះ Grammy ១៥ដង។ The Rap God រូបនេះមានទេពកោសល្យរ៉េបគួរឲ្យស្ងើរសរសើរប្លែកខុសដាច់ពីគេ។ លោកក៏មានផលិតកម្មផ្ទាល់ខ្លួនដែរឈ្មោះថា «Shady Record» រូបគេបានច្នៃភាពល្បីល្បាញរបស់ខ្លួនទៅបូកជាមួយជំនួញផ្ទាល់ខ្លួនរហូតកើនប្រាក់រាប់លានដុល្លារ។
៥. តារារ៉េប Berner ៖ បច្ចុប្បន្នមានប្រាក់សរុប ៤១០ លានដុល្លារអាមេរិក។ ត្បិតថាតារារូបនេះមិនធ្លាប់ឈ្នះ Grammy តែរូបគេមានទេពកោសល្យ rap ទទួលបានការគាំទ្រយ៉ាងច្រើន។ រូបគេបានច្នៃភាពល្បីល្បាញរបស់ខ្លួនទៅបូកជាមួយជំនួញផ្ទាល់ខ្លួន ដែលមានក្នុងវិស័យសិល្បៈ វិស័យបង្ហាញម៉ូដនិងបង្កើតបានយីហោផ្ទាល់ខ្លួនគឺក្រុមហ៊ុនផ្គត់ផ្គង់កញ្ឆាស្របច្បាប់មួយឈ្មោះ Cookies ដែលចែកចាយទៅច្រើនជាង ៧០ សាខា ៦ ប្រទេសផ្សេងៗគ្នា។
៤. តារារ៉េប Kanye West ៖ បច្ចុប្បន្នមានប្រាក់សរុប ៥០០ លានដុល្លារអាមេរិក។ តារារូបនេះបានបង្កើតផលិតកម្មផ្ទាល់ខ្លួនឈ្មោះថា «GOOD Music»។ West ត្រូវបានគេដឹងថាធ្លាប់ឈ្នះពានរង្វាន់ Grammy សរុបរហូតដល់ ២៤ ឯណោះ លើសពីនេះតារារូបនេះ មានប្រ៊េនផ្ទាល់ខ្លួន គឺ Yeezy ដែលសហការជាមួយ Adidas ជោគជ័យខ្លាំងណាស់។
៣. តារារ៉េប Dr. Dre ៖ បច្ចុប្បន្នមានប្រាក់សរុប 1.3 ពាន់លានដុល្លារ។ សព្វថ្ងៃមានវ័យ ៥៩ ឆ្នាំហើយ Dre មានផលិតកម្មផ្ទាល់ខ្លួនមួយ ឈ្មោះថា «Aftermath Entertainment» ជាផ្នែកមួយធ្វើឲ្យប្រាក់ចំណូលរបស់លោកកើនឡើងជាបន្តបន្ទាប់ឥតដាច់។ តារារ៉េបជើង ចាស់រូបនេះមានក្រុមហ៊ុនផ្ទាល់ខ្លួនមួយឈ្មោះថា «Beats By Dre» ប៉ុន្តែត្រូវបានក្រុមហ៊ុន Apple ទិញយកកាលពីឆ្នាំ២០១៤ ក្នុងតម្លៃ ៣ពាន់លានដុល្លារអាមេរិក កាលណោះបានធ្វើឲ្យលោកនៅលំដាប់កំពូលក្នុងចំណោមតារារ៉េបមានប្រាក់ច្រើនជាងគេ។
២. តារារ៉េប P. Diddy ៖ បច្ចុប្បន្នមានប្រាក់សរុប ១.៤ ពាន់លានដុល្លារអាមេរិក។ តារារូបនេះក៏មានផលិតកម្មផ្ទាល់ខ្លួនមួយឈ្មោះថា «Bad BOy Entertainment»។ តារារូបនេះជោគជ័យខ្លាំងលើមុខជំនួញបើកក្រុមហ៊ុនលក់សម្លៀកបំពាក់និងទឹកអប់ តែយ៉ាងណាមិញ រូបគេកំពុងស្ថិតក្នុងពន្ធនាគារក្រោយពេលជនរងគ្រោះច្រើនជាង ១០០ នាក់ប្ដឹងករណីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មផ្លូវភេទរួមមាន រំលោភបំពានផ្លូវភេទស្ត្រី និងបង្ខិតបង្ខំគេឱ្យចូលរួមក្នុងពិធីជប់លៀងផ្លូវភេទ ដោយប្រើប្រាស់គ្រឿងញៀន គំរាមកំហែង និងអំពើហិង្សា។ ក្រុមមេធាវីកំពុងរៀបចំផែនការសកម្មភាពផ្លូវច្បាប់បន្ថែម នឹងត្រូវកាត់ទោសនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
១. តារារ៉េប Jay-Z ៖ បច្ចុប្បន្នមានប្រាក់សរុប ២.៥ ពាន់លានដុល្លារអាមេរិក។ ស្វាមីរបស់កំពូលតារាចម្រៀង Beyonce រូបនេះធ្លាប់ឈ្នះពានរង្វាន់ Grammy រហូតដល់ទៅ 24 ឯណោះនិងលក់ចម្រៀងច្រើនជាង ១០០លាន Record ប៉ុន្តែគ្រាន់តែជាចំណែកតូចមួយនៃប្រាក់ចំណូលដែលទទួលពីផលិតកម្ម «Roc-A-Fella» ៕