កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញនូវសេចក្តីរីករាយជាពន់ពេក ដោយបានថ្លែងអំណរគុណទៅកាន់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានធ្វើការបរិច្ចាគថវិកាដល់ទៅ ២០០លានរៀល ដល់មូលនិធិគុនខ្មែរ ក្នុងការជួយកីឡាករ និងក្លឹបដែលកំពុងខ្វះខាតទូទាំងប្រទេសកម្ពុជា។
តាមរយៈការបង្ហោះលើទំព័រហ្វែសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ មានខ្លឹមសារយ៉ាងដូច្នេះថា៖ “ក្នុងនាមគណៈកម្មការប្រតិបត្តិ មន្ត្រីបច្ចេកទេស និងកីឡាករ កីឡាការិនីនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ដែលបានបរិច្ចាគថវិកា ២០០លានរៀល ដល់មូលនិធិគុនខ្មែរ”។
ជាមួយគ្នានោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានគោរពជូនពរអ្នកឧកញ៉ា និងលោកជំទាវ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរឲ្យដឹងថា ការបោះមេជួយឧបត្ថម្ភជ្រោមជ្រែងនូវទឹកប្រាក់ច្រើនសន្ធឹកដល់មូលនិធិគុនខ្មែរបែបនេះ គឺកើតឡើយក្រោយអ្នកឧកញ៉ា លាងម៉េង ដឹងដំណឹងថាក្លឹបប្រដាល់គុនខ្មែរនៅតាមបណ្តាខេត្តផ្សេងៗ កំពុងជួបប្រទះនៅកង្វះខាតនៅកន្លែងរោងក្លឹបហ្វឹកហាត់ ក៏ដូចជាកង្វះខាតឧបករណ៍សម្ភារៈកីឡាមួយចំនួន។ នេះបើតាមការឲ្យដឹងពីអ្នកឧកញ៉ា លាង ម៉េង ។
អ្នកឧកញ៉ាបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំកំពូលមួយរូបរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងធ្វើជាចលករ ធ្វើជាអ្នកផ្សព្វផ្សាយ ដើម្បីឲ្យក្រុមហ៊ុនផ្សេងៗទៀត បានចូលរួមជួយនៅតាមបណ្តាខេត្តផ្សេងៗដែលកំពុងខ្វះខាត។ ខ្ញុំបានជួយឧបត្ថម្ភចំនួន ២០០លានរៀល ដើម្បីឲ្យក្លឹបកំពុងខ្វះខាត ទាំងនោះ ធ្វើយ៉ាងណាបណ្តុះបណ្តាថ្នាលយុវជនគុនខ្មែរ ឲ្យកាន់តែសម្បូរធនធាន ដើម្បីអាចឲ្យកីឡាករយើងឡើងទៅប្រកួតកាន់តែក្លាំងក្លាថែមទៀត។
សូមជម្រាបជូនថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដំបូងគេដែលចំណាយថវិកាខ្ទង់លានដុល្លារ បង្កើតសង្វៀនប្រដាល់គុនខ្មែរច្រើនជាងគេ, ឧបត្ថម្ភទាំងស្រុងបញ្ជូនកីឡាករច្រើនរូបទៅប្រកួតលើសង្វៀនអន្តរជាតិ និងរៀបចំមហាព្រឹតិ្តការណ៍ប្រដាល់គុនខ្មែរទេសចរណ៍ រួមជាមួយមហាព្រឹតិ្តការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្សពាសពេញប្រទេសកម្ពុជាច្រើនជាងគេប្រចាំឆ្នាំ៕