ឆ្នាំនេះ​ «ទូកង» ល្បីៗប្រចាំខេត្តចំនួន៣​ ពិតជាមានល្បឿនលឿនដូចគេថា​មែន

កម្សាន្ត

ក្រោយព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ រយៈពេលបីថ្ងៃបានបញ្ចប់ប្រកបដោយភាពឱឡារឹក ជាមួយនឹងការចូលរួមអបអរសាទរយ៉ាងច្រើនសន្ធឹកពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយជាពិសេសគឺមានការចូលរួមយ៉ាងច្រើនសម្បើមពីបណ្តាក្រុមទូកងជាច្រើន ដែលចូលរួមអុំ និងចែវ ដណ្តើមយកជ័យលាភី នាឱកាសបុណ្យប្រពៃណីជាតិខ្មែរ ដែលមួយឆ្នាំមានតែម្តង ធ្វើឡើងនៅមុខព្រះបរមរាជវាំង ត្រង់ទន្លេចតុមុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តេជោកែវវិជ័យបារមីចៅសែន

ក្រោយការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ៣ថ្ងៃពេញ ក្នុងនោះគេឃើញមានទូកដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញចំនួនបី ដែលមានល្បឿនលឿនជាងគេ ដោយចំណាត់ថ្នាក់លេខ១ គឺបានទៅលើទូកមានឈ្មោះថា «តេជោកែវវិជ័យបារមីចៅសែន» មកពីខេត្តពោធិ៍សាត់​ ប្រើប្រាស់ថេរវេលាសរុប (គិតទាំងជើងទី១ និងទី២ នៃការប្រកួតទាំងបីថ្ងៃ) ចំនួន ២៨ៈ០៩.៩៨នាទី ឯចំណាត់ថ្នាក់លេខ២ គឺបានទៅលើទូកមានឈ្មោះថា «សារាយតេជោសែនជ័យ» មកពីខេត្តកណ្តាល​ ប្រើប្រាស់ថេរវេលាសរុបចំនួន ២៨ៈ១៦.០៦នាទី និងចំណាត់ថ្នាក់លេខ៣ គឺបានទៅលើទូកមានឈ្មោះថា ​ «កោះកេរធិបតី» មកពីខេត្តព្រះវិហារ ប្រើប្រាស់ថេរវេលាសរុបចំនួន ២៨ៈ១៩.៨៧នាទី។ នេះបើយោងតាម គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ។

សារាយតេជោសែនជ័យ

គួររំលឹកថា (នៅឆ្នាំ២០០៥) ម្ចាស់ជើងឯកថ្នាក់ជាតិគឺបានទៅលើទូក «ឧដុង្គម៉ែជ័យបារមីវាំងចាស់» មកពីខេត្តកំពង់ស្ពឺ (នៅឆ្នាំ២០០៦) បានទៅលើទូក «អធិរាជចក្រភពរង្សី» មកពីខេត្តកណ្តាល​ (នៅឆ្នាំ២០០៧) បានទៅលើទូក «ច័ន្ទសោមសែនមង្គល» មកពីខេត្តតាកែវ (នៅឆ្នាំ២០០៨) បានទៅលើទូក «ព្រះទីនាំងចង្ហាន់ហុយចេស្តា» មកពីខេត្តកណ្តាល (នៅឆ្នាំ២០០៩) បានទៅលើទូក «ជ្រៃមាសសាគរតេជោសែនជ័យ» (នៅឆ្នាំ២០១០) បានទៅលើទូក «ស្រីម៉ៅក្រាំងយ៉ូវ» មកពីខេត្តកណ្តាល (នៅឆ្នាំ២០១៤) បានទៅលើទូក «ស្រីស្រស់គៀនជ្រៃបារមីតេជោ» មកពីខេត្តកំពង់ចាម (នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧) បានទៅលើទូក «សារាយតេជោសែនជ័យ» មកពីខេត្តកណ្តាល (នៅឆ្នាំ២០១៨) បានទៅលើទូក «កោះកេរសែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្តព្រះវិហារ (នៅឆ្នាំ២០១៩) បានទៅលើទូក «សារាយតេជោសែនជ័យ» មកពីខេត្តកណ្តាល និងនៅឆ្នាំ២០២៣ បានទៅលើទូក «មហាទន្សាយតេជោសែនជ័យ» មកពីខេត្តកំពង់ចាម៕

កោះកេរធិបតី