លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុន RTNK Group បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ និងសេចក្តីចម្រើន នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងបរិវេណក្លឹបកីឡាផ្លាទីនឹម ជ្រោយចង្វារ។ នៅរសៀលថ្ងៃដដែលនោះ លោកឧកញ៉ា ក៏បានអញ្ជើញជាអធិបតីក្នុងការប្រារព្ធពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ដែលបានរៀបចំឡើងដោយ RTNK Group។

ក្នុងខណៈអញ្ជើញជាអធិបតីនៅក្នុងពិធី លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានមានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់នេះ នឹងអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំផុសស្មារតី ជំរុញការគាំទ្រឱ្យកាន់តែមានសន្ទុះទៅមុខ និងមានភាពរីកចម្រើនធៀបទៅនឹងស្តង់ដាក្នុងតំបន់ និងអន្តរជាតិ។

ថ្លែង នៅក្នុង ឱកាស នោះ លោកបានបន្តទៀតថា ក្រុមហ៊ុន RTNK Group ជឿជាក់យ៉ាងមុតមាំថា សកម្មភាពរបស់យុវជនក្នុងការលេងកីឡានេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការគាំទ្រ និងអភិវឌ្ឍនវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ដោយឈរលើស្មារតី “កីឡារស់ក្នុងសន្តិភាព” និង “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ” ដោយធ្វើយ៉ាងណាជំរុញវិស័យកីឡាឱ្យក្លាយជាចលនាជាតិដ៏រស់រវើកមួយសម្រាប់យុវជន និងប្រជាជនកម្ពុជា។

គួររម្លឹកថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមការផ្តួចផ្តើម និងដឹកនាំដោយផ្ទាល់ពីលោកឧកញ៉ា ក្នុងគោលបំណង ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការជួបជុំ រឹតចំណងមិត្តភាពសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នាតាមរយៈវិស័យកីឡា។ ក្នុងនោះដែរ ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍នេះ រួមមាន៖ Platinum Sports Club, Brew Coffee and Lounge, Brew Coffee, Brew Catering Service, Brew Park Restaurant, Brew Meatball, ស្ថានីយភីធីធីកាហ្វេ Amazon និងម៉ាត 7-Eleven សាខាព្រែកហូ ៥០ ម៉ែត្រ ហាងសម្លៀកបំពាក់កីឡា Cartenz Tactical Cambodia និងចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុនទឹកពិសាវីតាល់ ទឹកពិសាគុណភាពខ្ពស់។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់នេះ នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ដោយមានការចូលរួមពីកីឡាករសរុបចំនួន ១៦ ក្រុម ដែលក្រុមនីមួយៗមានកីឡាករចំនួន ៩ នាក់ ផ្អែកតាមរូបមន្តនៃការប្រកួត កីឡាករលេង ៦ នាក់ និងកីឡាករបម្រុង ៣ នាក់។រាល់ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ៦ ល្ងាច នៅក្លឹបកីឡា ផ្លាទីនឹម ជ្រោយចង្វា។
គួរបញ្ជាក់ផងដែរថា ពិធីក្រុងពាលី និងការប្រារព្ធពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសដ៏សប្បាយរីករាយ និង ស្និទ្ធ ស្នាល បំផុត ៕











