ខ្លាំង​បាត់! រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង​កុម្ម៉ង់​ជាង​ស្រុក​ខ្មែរ​ធ្វើ Rolls-Royce ឲ្យ​​ដូច​របស់​សេដ្ឋី​អង់គ្លេស

កម្សាន្ត

បើ​និយាយ​ពី​ អ្នក​លក់ ម៉ាំ​ល្ហុង លោក អ្នក​ប្រហែល​ជា​ស្គាល់​លោក បូរ៉ា យ៉ាង​ច្បាស់​ហើយ ត្បិត​អី​លោក​​អ្នក​លក់​មាំ​ និង​ជា​តារា​ចម្រៀង​ផង តែង​និយម​ចូល​ចិត្ត​ធ្វើ​ខ្លួន​ប្លែកៗ ជា​មួយ​និង​យាន​ជំនិះ ទៅ​តាម​អារម្មណ៍​របស់​ខ្លួន ដើម្បី​ឲ្យ​មហាជន​ចាប់​អារម្មណ៍។ ថ្មីៗ​នេះ លោក បាន​បង្ហើប​ថា ទើប​តែ​ទិញ ឡាន​កញ្ចាស់​១គ្រឿង ហើយ​កុម្ម៉ង់​ឲ្យ​ជាង​ច្នៃ​ចេញ​ជា​រថយន្ត​ទំនើប Rolls-Royce ដូច​ទៅ​នឹង​រថយន្ត​សេដ្ឋី​អង់គ្លេស​ម្នាក់ ដែល​ដាក់​លក់ ក្នុង​តម្លៃ រហូត​ដល់​១២​លាន ដុល្លារ។


សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


“ខ្ញុំ​បាន​ឃើញ​ព័ត៌មាន​សេដ្ឋី​អង់គ្លេស​ម្នាក់​ដាក់​ Rolls-Royce ដេញ​ថ្លៃ​ដល់​ទី​១២លាន​ដុល្លារ ខ្ញុំ​មាន​ចិត្ត​ស្រលាញ់​​ឡាន​ហ្នឹង​តែ​ម្ដង ហើយ​ខ្ញុំ​សន្យា​ថា និង​ធ្វើ​វា​ឲ្យ​បាន ក៏​ដាច់​ចិត្ត​ខ្ចី​លុយ​អង្គការ​ទិញ អា​កាមេរី​៩១ ឲ្យ​ជាង​ច្នៃ​ឲ្យ​ដូច​តែ​ម្ដង” លោក បូរ៉ា លើក​ឡើង។

Rolls-Royce ក្នុង​ក្ដី​ស្រមៃ របស់​លោក​បូរ៉ា ហើយ​នឹង​ក្លាយ​ជា ឡាន​ Rolls-Royceទី២ របស់​លោក​នោះ បូក​ទាំង​ថ្លៃ​ជាង​ធ្វើ ភ្លើង និង កាត់​ទូ​សម្រាប់​ដាក់​ម៉ាំ​ផង​នេះ ត្រូវ​អ្នក​លក់​ម៉ា មាន​កំណើត​មក​ពី​ខេត្ត​តាកែវ​រូប​នេះ បង្ហើប​ថា ​ត្រូវ​ចំណាយ​អស់​ប្រហែល​ខ្ទង់​​ជា ៧០០០ ដុល្លារ ក្នុង​នោះ ថ្លៃ​ឡាន​២៥០០ ដុល្លារ ថ្លៃ​កែ​៣៥០០ ដុល្លារ ដាក់​ភ្លើង ២០០ ដុល្លារ កាត់​ទូ​កញ្ចក់ ជិត​៤០០ ទៀត។



នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​អ្នក​លក់​មុំា​ល្បី​ឈ្មោះ​រូប​នេះ​បាន​កែ​ច្នៃ​ឡាន កន្លង​មក លោក​ធ្លាប់​បាន​ ច្នៃ​ឡាន វ៉ៃ​កូនហ្គោល មក​ជា​រថយន្ត​ Rolls-Royce ពណ៌​​លឿង​១​គ្រឿង​ម្ដង​រួច​មក​ហើយ បច្ចុប្បន្ន​កំពុង​តែ​ដឹក​លក់​ម៉ាំ​រាល់​ថ្ងៃ។ ​កាល​ណោះ​លោក​បាន​​ចំណាយ​ក្នុង​ការ​ច្នៃ​វា​ឡើង អស់​ប្រាក់​​ជិត​៥០០០ ដុល្លារ​ឯណោះ។

មុន​ឈាន​វិវត្ត​ទិញ​ឡាន​ដឹក​​ម៉ាំ ដំបូង​ឡើយ​មុខរបរ​របស់​លោក បូរ៉ា ផ្ដើម​ពី​ការ​ដឹក​តាម​កង់​លក់ ប៉ុន្តែ​ដោយ​មាន​គំនិត ​ច្នៃប្រឌិត​បូក​ទាំង​ទេពកោសល្យ ដូច​ជា​ការ​តុបតែង​ខ្លួន​ជា​មួយ​យានជំនិះ លោក​បូរ៉ា ក៏​បាន​វិវត្ត​ខ្លួន​ពី​ការ​ដឹក​ម៉ាំ​លក់​តាម​​កង់ មក​ដឹក​ជា​ម៉ូតូ ហើយ​ចុង​ក្រោយ គឺ​ឈាន​ដល់​ឡាន​តែ​ម្ដង។ បច្ចុប្បន្ន​បូក​ទាំង Rolls-Royce ដែល​កំពុង​ច្នៃ​នេះ អ្នក​លក់​ម៉ាំ​រូប​នេះ មាន​ឡាន​៣​គ្រឿង​ឯណោះ ឡាន​ដែល​សម្រាប់​ជិះ​ទៅ​មក​ណា​មក​ណា ផ្ទាល់​ខ្លួន​គឺ លុចស៊ីស ៣០០ ។ ​

បើ​និយាយ​រឿង​ម៉ូតូ​វិញ លោក​ថា បាន​​ទិញ​ម៉ូតូ​ចាស់ មក​កែ​អស់​មិន​ក្រោម​៣០​គ្រឿង​ឡើយ ម៉ូតូ​ទាំង​នោះ​មួយ​ចំនួន​លោក​បាន​ឲ្យ​កូន​ចៅ​ជិះ​លក់ តាម​ខេត្ត ហើយ​ខ្លះ​ទៀត ស៊ី​ដាច់​ក៏​មាន។


លោក បូរ៉ា អាច​ចាត់​ទុក​ថា ជា​​មនុស្ស​ម្នាក់​ធ្វើ​ឲ្យ​ទីផ្សារ​ម៉ាំ ស្រុក​ខ្មែរ​មាន​ទីផ្សារ​ខ្លាំង​ជាង​​មុន ត្បិត​អី លោក​បាន​បណ្ដុះ​អ្នក​លក់​ម៉ាំ ធ្វើ​ខ្លួន​ដូច​តារា មិន​ក្រោយ​៥០រូប​ឡើយ ​ពួក​គេ​ទាំង​នោះ​​បច្ចុប្បន្ន​ភាគ​ច្រើន​កំពុងតែ​ចុះ​លក់​តាម​ខេត្ត ហើយ​មួយ​ចំនួន​ធំ​​បាន​ចេះ ពី​របៀប​ផលិត​ម៉ាំ ។ ទទឹម​គ្នា​នោះ​ដែរ កូន​ចៅ​របស់​លោក មួយ​ចំនួន​ក៏​​មាន​ឱកាស​បាន​ក្លាយ​ជា​តារា​​ដូច​ជា លោក​ផង​ដែរ។

ងាក​មក​​វិស័យ​សិល្បៈ លោក បូវ៉ា ដោយសារតែ​មុខ​របរ​លក់​ម៉ាំ​នេះ ​ត្រូវ​បាន​អ្នក​ដឹក​នាំ​សិល្បៈ​ហៅ​ថត​​​ជា​ច្រើន ពោល​គឺ​ស្ទើរ​ផលិតកម្ម​តែ​ម្ដង ដែល​សរុប MV ដែល​លោក​បាន​ថត​នោះ មិន​ក្រោម​២០​ទៅ​៣០បទ​ឡើយ។ ដោយ​ឡែក​ស្ប៉ត​​ពាណិជ្ជកម្ម និង​ភាពយន្ត​ក៏​អ្នក​លក់​ម៉ាំ​រូប​នេះ បាន​ថត​មួយ​ចំនួន​ផង​ដែរ ។ Rolls-Royceពណ៌លឿង​ ដែល​លោក​​ច្នៃ​ឡើង​កន្លង​មក ក៏​ធ្លាប់​បាន​ជួល ថត​ភាព​យន្ត​ក៏​ដូច​ជា​ខារ៉ាអូខេ ជា​ច្រើន​លើក​ផង​ដែរ។


ចំពោះ Rolls-Royce ទី២ ដែល​​​ជាង​កំពុង​តែ​ញាប់ដៃញាប់ជើង​​ច្នៃ​ឡើង​​នេះ ក៏​ត្រូវ​បាន​លោក​ប្រាប់​ថា មាន​​អ្នក​ដឹក​នាំ​សម្ដែង​នៅ​តាម​ផលិតកម្ម​ចាប់អារម្មណ៍​ច្រើន​ណាស់ ពេល​ធ្វើ​រួច គឺ​ច្បាស់​ជា មាន​គេ​ជួល​ថត​ជា​បន្តបន្ទាប់ ជាក់​ជា​មិន​ខាន។

លោក បូរ៉ា បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ការ​ច្នៃ​​ឡាន​ទាំង​អស់​ឡើង​ មិន​មែន​មាន​គោលដៅ​សម្រាប់​លក់​ឡើយ គឺ​សម្រាប់​តែ​ជា​ការ​កម្សាន្ត​ជា​មួយ នឹង​មុខ​​របរ​លក់​​ម៉ាំ របស់​លោក ឲ្យ​​មហាជន​ចាប់​អារម្មណ៍​សប្បាយ​ចិត្ត​ប៉ុណ្ណោះ។ ទទឹម​គ្នា​នោះ​ដែរ លោក​ក៏​សូម​ស្នើ​ទៅ​ដល់​សមត្ថកិច្ច​មេត្តា​យោគយល់ កុំ​ចាប់​ពិន័យ​​លោក​អី ព្រោះ​ដូច​បាន​លើក​ឡើង គឺ​លោក​ធ្វើ​ឡើង គឺ​សម្រាប់​តែ​ជា​ការ​កម្សាន្ត ឲ្យ​មហាជន​ចាប់​អារម្មណ៍​សប្បាយ​ចិត្ត​ប៉ុណ្ណោះ៕















ប្រភព៖Sabay