ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ – ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេលប្រមាណជាជាងមួយខែកន្លងមកនេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ ២០២៥ ដែលបានរៀបចំឡើងដោយ ក្រុមហ៊ុន RTNK Group បានឈានមកដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។ ក្នុងនោះ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុន RTNK GROUP បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់

ដណ្តើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ ២០២៥ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅក្នុងបរិវេណក្លឹបកីឡាផ្លាទីនឹម ជ្រោយចង្វារ អមដោយការចូលរួមពីសំណាក់គណៈកម្មការរៀបចំការប្រកួត ក្រុមការងារ អាជ្ញាកណ្តាល កីឡាករ ក្រុមហ៊ុនឧបត្ថម្ភ ព្រមទាំងមានការចូលរួមអបអរសាទរពីសាធារណជនផងដែរ។
ថ្លែងនៅក្នុងពិធីបិទព្រឹត្តិការណ៍នេះ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រកួត និងក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា តាមរយៈវិស័យកីឡា។

លោកបានបន្តទៀតថា ដំណើរការប្រកួតជាងមួយខែកន្លងមកនេះ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យខ្ពស់ គឺកើតចេញមកពីស្មារតីទទួលខុសត្រូវ ការចេះអត់ឱន និងការគោរពគ្នាទៅវិញទៅមក។ ជាធម្មតា ការប្រកួតតែងតែមាន ឈ្នះ និងចាញ់ ទោះបីភាគីមួយណាឈ្នះ ឬចាញ់ក៏ដោយ សូមកុំភ្លេចថាពានរង្វាន់នេះ គឺសុទ្ធតែមានចំណែកអ្នកទាំងអស់គ្នាស្មើៗគ្នា។ កីឡាករគ្រប់រូបសុទ្ធតែទទួលបានសមិទ្ធផលសម្រាប់ខ្លួនឯងនោះគឺ មិត្តភាព សាមគ្គីភាពរវាងគ្នានឹងគ្នា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គមកម្ពុជានាពេលខាងមុខ។
គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមការផ្តួចផ្តើម និងដឹកនាំផ្ទាល់ពីលោកឧកញ៉ា ឈាង សុវណ្ណរតនៈ ដោយត្រូវបានចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម និងកីឡាករចូលរួមសរុបចំនួន ១៦ ក្រុម។ ក្នុងនោះផងដែរ ពិធីបិទ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅដោយរលូន និងក្រោមបរិយាកាសប្រកបដោយភាពរីករាយ អមដោយការសម្តែងក្បាច់គុនការ៉ាតេដូ ការសម្តែងល្ខោនខោល និងការសម្តែងចម្រៀងរ៉េប របស់លោក ខ្វាន់ (kwan) ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ អាចឈានមកដល់ទីបញ្ចប់ប្រកបដោយជោគជ័យដោយមានការឧបត្ថម្ភគាំទ្រពី៖ Platinum Sport Club, Brew Coffee and Lounge, Brew Coffee, Brew Catering Service, Brew Park Restaurant, Brew Meat Ball, ស្ថានីយភីធីធី, កាហ្វេ Amazon និងម៉ាត 7-Eleven, ហាងសម្លៀកបំពាក់កីឡា Cartenz Tactical Cambodia និងចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុនទឹកពិសាវីតាល់ ទឹកពិសាគុណភាពខ្ពស់៕








