មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ បានបកស្រាយចម្ងល់ដោយសារថ្មីៗនេះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ឃើញមានការយល់ច្រឡំពីឈ្មោះរមណីយដ្ឋានកែច្នៃមួយកន្លែង មានឈ្មោះ រមណីយដ្ឋានប្រាសាទបន្ទាយទ័ព ដែលទើបតែបានបង្កើតឡើងនៅលើទីតាំងដីវិនិយោគរបស់ក្រុមហ៊ុនឯកជន ស្ថិតនៅចំនុចតាដួង តាអាំ ក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចទៅនឹងឈ្មោះ ប្រាសាទបន្ទាយទ័ព ស្ថិតនៅខេត្តបន្ទាយមានជ័យ ។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក ប៊ុត បុប្ផា ប្រធានមន្ទីរ និងលោក ឆេង ហ៊ាន អនុប្រធានមន្ទីរ ព្រមទាំងសហការីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សហការជាមួយលោកប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលសង្គមនៃរដ្ឋបាលស្រុកព្រៃនប់ និងលោកមេភូមិអូរតាប៉ាង បានចុះទៅដល់ទីតាំងរមណីយដ្ឋានប្រាសាទបន្ទាយទ័ព ឃើញថាទីតាំងនោះ មិនមានគ្រឹះប្រាសាទបុរាណឡើយ មានតែការឆ្លាក់ថ្មនៅតាមបណ្ដោយទឹកធ្លាក់ជារូបសិវលិង្គ ឧមាយោនី រូបព្រះនារាយណ៍ ផ្ទុំលើព្រះទែនសយនាជាសត្វម្ករនិងនាគក្បាល៧ និងផ្នែកខាងក្រោមមានឆ្លាក់ជារូបអណ្ដើក គោ ដំរី ដែលជាចម្លាក់ទើបឆ្លាក់ថ្មីៗ ។