ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភថវិកាដល់គុនខ្មែររាប់លានដុល្លារនៅក្នុងមួយឆ្នាំៗ ថែមទាំងថ្មីៗនេះ បានរ៉ាប់រងការចំណាយទាំងស្រុងដល់កីឡាករ ពុធ សំបូរ និងកីឡាការិនី សំ ថារ័ត្ន ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ឆ្នាំ២០២៥ ដែលនេះជាលើកទី ៩ សម្រាប់ការបញ្ជូនកីឡាករ កីឡាការនីទៅប្រកួតនៅបរទេស។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យកីឡា សិល្បៈវប្បធម៌ខ្មែរ ច្រើនបំផុតនៅកម្ពុជា ជួយវិស័យកីឡាច្រើនជាងគេ ឧបត្ថម្ភកីឡាករប្រមាណ ១០០ នាក់ ជារៀងរាល់ខែ។ ក្រុមហ៊ុន ថែមទាំង ផ្តល់ការងារ បង្កើតឱកាសបង្ហាញសមត្ថភាព បណ្តុះជំនាញ លើកកម្ពស់ជីវភាពកីឡាករ-កីឡាការនី សិល្បករ-សិល្បការិនីខ្មែរ គ្រូបង្វឹក បណ្ដុះអ្នកបន្តវេនជំនាន់ក្រោយ ដើម្បីបន្តផ្សព្វផ្សាយពីអត្តសញ្ញាណជាតិ វប្បធម៌ខ្មែរដ៏អស្ចារ្យ ទាំងក្នុង និងក្រៅប្រទេស ឱ្យបានស្គាល់កាន់តែច្បាស់។

ខ្មែរ ប៊ែវើរីជីស មានក្រុមហ៊ុនមេ ជីប ម៉ុង ដែលជាក្រុមហ៊ុនមានប្រភពច្បាស់លាស់ ប្រវត្តិយូរអង្វែង និងដឹកនាំដោយសហគ្រិនខ្មែរ ឈរលើគោលជំហរជាតិនិយមលើកស្ទួយអត្តសញ្ញាណជាតិ តែងតែស្វែងរកឱកាសផ្សព្វផ្សាយវប្បធម៌ខ្មែរ សាងម៉ាកយីហោជាតិ និងចូលរួមយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍវិស័យធំៗនៅកម្ពុជា។

ជាភស្តុតាង ខ្មែរ ប៊ែវើរីជីស ក៏បានសាងកេរ្តិ៍ឈ្មោះម៉ាកយីហោជាតិលើទឹកដីបរទេស ដោយបាននាំយកម៉ាកផលិតផល «Made In Cambodia» ស្តង់ដារអន្តរជាតិ ចេញទៅទីផ្សារបរទេសដ៏ប្រកួតប្រជែង ជាមួយនឹងភាពប្រាដកប្រជា លើស្តង់ដារខ្សែច្រវាក់ផលិតកម្មទំនើប រួមទាំងជំនាញពេញលេញរបស់ធនធានកូនខ្មែរ ដើម្បីទទួលបាននូវផលិតផល ដែលទីផ្សារអន្តរជាតិទទួលស្គាល់ និងមានទំនុកចិត្តខ្ពស់។ ខ្មែរ ប៊ែវើរីជីស សង្ឃឹមថា ការខិតខំប្រឹងប្រែង និងរួមចំណែករបស់ក្រុមហ៊ុនកន្លងមកទល់បច្ចុប្បន្ន គឺជាការផ្ដល់កម្លាំងចិត្ត និងឱកាសដល់កីឡាករគុនខ្មែរ កសាងប្រជាប្រិយភាព ការក្រេបជញ្ជក់យកបទពិសោធន៍ថ្មីជាច្រើន ជួយអភិវឌ្ឍវិស័យកីឡា និងវិស័យធំៗទាំងអស់ ឱ្យ មានសក្តានុពល នាំមកនូវភាពរីកចម្រើន ដល់ប្រទេសកម្ពុជា។
