ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ បានធ្វើឲ្យខេត្តកែប មានភាពស្ងប់ស្ងាត់ខុសពីគ្រាមុន គាប់ជួនរដូវកាលបុណ្យឆ្លងឆ្នាំសកលឈានចូលមកដល់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានឆ្នេរកែប ក៏ពុំសូវមានភាពមមាញឹកដែរ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ ខេត្តកែប បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២០-២០២១ នេះ ភ្ញៀវទេសចរ ក្នុងស្រុក និងក្រៅស្រុកហាក់មានការថមថយ ដោយពុំសូវមានមនុស្សចូលមកសម្រាក កម្សាន្ត លំហែដូចបណ្តាឆ្នាំមុនៗឡើយ។លោកបន្តថា មូលហេតុដែលធ្វើឲ្យខេត្តកែបគ្មានមនុស្សមកលំហែ គឺដោយសារតែវិបត្តិនៃជំងឺកូវីដ១៩។
លោក សោម ចិន្តា បានបញ្ជាក់ថា បច្ចុប្បន្នខេត្តកែបមានសេវាកម្មស្នាក់នៅសរុបចំនួនជាង៩០កន្លែង ក្នុងនោះមានប្រមាណ១,៣០០បន្ទប់ ដោយខណៈនេះមានភ្ញៀវមកកក់បន្ទប់ដើម្បីសម្រាកប្រមាណ២០ភាគរយប៉ុណ្ណោះ។
ទោះជាសេវាកម្មទេសចរណ៍ថយចុះបែបនេះក្តី ក៏ខេត្តកែប កំពុងខិតខំទប់ស្កាត់មិនឲ្យមានការចម្លង ជំងឺកូវីដ-១៩ បានល្អប្រសើរ ហើយអាជ្ញាធរបានបន្តផ្សព្វផ្សាយពីវិធីការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍និមួយៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ប្រភព៖ កម្ពុជាថ្មី https://kampucheathmey.com/business-economic/38668/