គំរូពីការតស៊ូដើម្បីអនាគតត្រចះត្រចង់មួយទៀតលេចឡើងនៅថ្ងៃនេះ ជាមួយអ្នករាំកំដរឆាកមួយរូប ដែលបានតស៊ូរស់ជាមួយអាជីពដែលគេមិនសូវឲ្យតម្លៃជាង ១០ឆ្នាំ ទីបំផុតសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ ដោយអាចកែប្រែជីវិតមកជាថ្នាក់ដឹកនាំក្រុមហ៊ុនផ្នែកសម្រស់ដ៏ធំមួយ ដែលមានតម្លៃវិនិយោគប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិកឯណោះ។

CEO ក្រុមហ៊ុនរូបនេះ គឺអ្នកនាង ឆិល ពេជ្រពណ្ណរាយ ជាអតីតអ្នករាំលម្អឆាកតាមកម្មវិធីតន្ត្រីរបស់ស្ថានីយទូរទស្សន៍នានា។ សម្រាប់ប្រិយមិត្តនិយមទស្សនាការប្រគំតន្ត្រីធំៗផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ ជឿថា ពិតជាធ្លាប់ឃើញក្រុមរាំមួយក្រុម ដែលអ្នកនាង ឆិល ពេជ្រពណ្ណរាយ ស្ថិតក្នុងក្រុមនោះ និងជាសមាជិកដែលមានក្បាច់រាំល្អជាងគេ។
អ្នករាំកំដរឆាករូបនេះ មានរឿងតស៊ូពីក្រោយឆាកតន្ត្រីជាច្រើន ទម្រាំអាចរកឃើញផ្លែផ្កាជីវិតគួរឲ្យមោទកភាពនៅថ្ងៃនេះ។ អ្នកនាង ឆិល ពេជ្រពណ្ណរាយ ហៅ ស្រីពេជ្រ បានចាប់យកមុខរបរក្នុងសិល្បៈផ្នែកជាអ្នករាំកំដរឆាកតាំងពីវ័យជំទង់ដោយដំបូងឡើយនៅស្ថានីយប៉ុស្តី៍លេខ៥ រួចក៏បន្តវាយលុកទៅតាមទូរទស្សន៍ផ្សេងៗទៀត។ ការងារនេះ មិនសូវមានគេឲ្យតម្លៃ និងមិនសូវគេចាប់អារម្មណ៍ឡើយ បើទោះការពិតក៏ជាផ្នែកមួយធ្វើឲ្យកម្មវិធីមួយរស់រវើកទៅបានក៏ដោយ។


យ៉ាងនេះក្ដី ស្ត្រីអ្នករាំរូបនេះ មិនបានខ្វាយខ្វល់ច្រើននឹងការមិនឲ្យតម្លៃនេះទេ ប៉ុន្តែគិតតែពីខិតខំបង្កើនសមត្ថភាពរាំក្នុងក្រុម និងពង្រីកទីផ្សារការងារបន្តបន្ទាប់ រហូតដល់រកឃើញផ្លែផ្កាថ្មីមួយ។ តាមសាមីខ្លួនបានឲ្យដឹងថា ក្រោយពីនៅជាប់នឹងការងាររាំរាប់ខែរាប់ឆ្នាំ អ្នកនាង ពេជ្រពណ្ណរាយ ក៏បានមើលឃើញឱកាសមួយ ហើយក៏បានបង្កើតក្រុមរាំផ្ទាល់ខ្លួន ដែលមកទល់បច្ចុប្បន្នមានសមាជិកក្រុមរាំ២០នាក់។
មកដល់បច្ចុប្បន្ន ក្រុមរាំនេះ បាន និងកំពុងរាំប្រចាំនៅស្ថានីយទូរទស្សន៍បាយ័ន និងអាស៊ីអាគ្នេយ៍។ នៅពេលរាត្រីក្រុមនេះ ក៏បន្តទៅធ្វើការសម្ដែងប្រចាំសណ្ឋាគារណាហ្គាទៀត។ ការងារនេះ នាងបានរស់ត្រាំត្រែងជាង១០ឆ្នាំទៅហើយ ហើយក៏បានជួយឲ្យជីវិតរបស់នាង ក៏ដូចជាគ្រួសារ កាន់តែប្រសើរឡើងៗរហូតមកដែរ។

ក្រោយមក បង្អួចជីវិតកាន់តែបើកធំឡើង ក្រោយពីអ្នកនាងបានរកអ្នកឲ្យតម្លៃលើការងារនាង ស្រឡាញ់នាង ស្រឡាញ់ក្រុមគ្រួសារនាង និងបានរៀបការជាមួយបុរសមកពីត្រកូលអ្នកធ្វើជំនួញមួយរូបនៅឆ្នាំ ២០១៦។ បានបទពិសោធន៍ជីវិតពីការងារជាអ្នកលម្អឆាកផង ផ្សំនឹងលទ្ធភាពមានកាន់តែធំផង ធ្វើឲ្យអ្នកនាង មើលឃើញឱកាស និងលទ្ធភាពដើម្បីការផ្លាស់ប្ដូរបន្ថែមទៀត។
ចុងក្រោយ គឺបានវិនិយោគទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិក បើកក្រុមហ៊ុន “ល្អពិតពេជ្រចរណៃ” ខូអិលធីដែលនាំចូលផលិតផលP Nice Brandពីប្រទេសថៃ និងទើបតែធ្វើពិធីសម្ពោធជាផ្លូវការកាលពីថ្មីៗនេះ ហើយអ្នកនាង ឆិល ពេជ្រពណ្ណរាយ ក៏បានក្លាយជា CEOប្រចាំក្រុមហ៊ុន។

ពេជ្រពណ្ណរាយ អះអាងថា អ្នកនាងលំបាកយូរមកហើយតាំងពីបាត់បង់លោកឪពុកមក នាងដែលជាកូនច្បង បានដើរតួជាមេគ្រួសាររ៉ាប់រងគ្រប់ភារកិច្ច ដើម្បីក្រុមគ្រួសារអាចរស់បាន ដោយក្នុងនោះ ធ្លាប់ឆ្លងកាត់ជាជីវិតរស់ផ្ទះជួល និងធ្លាប់ដេកវត្តផង គឺគ្រប់រូបភាពទាំងអស់។ ” នាងខ្ញុំមានមោទកភាពចំពោះខ្លួនឯងណាស់ ដែលបានដើរមកដល់ចំណុចនេះ ពិសេសបំណងចង់បើកជាក្រុមហ៊ុនសម្រស់ គឺបានសម្រេចថែមទៀត”។ ពេជ្រពណ្ណរាយ ថ្លែង។
ក្រោយពីបានរៀបការជាមួយកូនប្រុសក្នុងត្រកូលអ្នកជំនួញមួយ មកដល់សព្វថ្ងៃទទួលបានចំណងដៃកូនស្រីម្នាក់ ទុកជាផ្លែផ្កាដ៏សំខាន់មួយរបស់ជីវិតនាដំណាក់ទី២នេះ៕
ប្រភព៖ Sabay.com.kh