ដោយនៅអាល័យមិត្តភ័ក្ដិ គឺលោក ងួន កែវពេជ្រពិសិដ្ឋ តារាចម្រៀង Original Song ដែលបានស្លាប់ដោយជំងឺមហារីកកាលពីពេលថ្មីៗនេះ លោក គុយលី សម្រេចធ្វើបទចម្រៀងមួយរបស់មិត្តឡើងវិញ ដោយចំណាយដើមទុនតិចតួចប៉ុណ្ណោះ ហើយបទនោះទើបបានចេញជាវីដេអូចម្រៀងផ្លូវការថ្មីៗនេះ។
បទចម្រៀងមួយនោះ ក្នុងចំណោមបទចម្រៀងរបស់ កែវពេជ្រពិសិដ្ឋ មានចំណងជើងថា “កុំទុកបងជា Power Bank”។ បទនេះ ត្រូវលោក គុយលី ដែលជាមិត្តភ័ក្ដិជិតស្និទ្ធនោះ បានជ្រើសរើសមកថតជា MV ឡើងម្ដងទៀត ដោយលោក គុយ លី ច្រៀងផ្ទាល់ម្នាក់ឯងតែម្ដង។ចំពោះមូលហេតុ តារាចម្រៀងអតីតជាអ្នកពលករចិញ្ចឹមបង្គានៅប្រទេសថៃរូបនេះ នៅតែមិនអស់អាល័យជាលោក ងួន កែវពេជ្រពិសិដ្ឋ ទោះលោកស្លាប់ទៅហើយក្ដី ក៏ព្រោះតែអ្នកទាំងពីរមានអនុស្សាវរីយជាមួយគ្នាច្រើនកាលនៅរស់ ។
គុយ លី ថ្លែងឲ្យដឹងថា លោកបានថតជាសំឡេងបទ”កុំទុកបងជា Power Bank” នេះ តាំងពី មិត្តកម្សត់នៅមានជីវិតម្ល៉េះ ពោលប្រហែល១ខែ មុនស្លាប់។ ជាមួយនឹងការច្រៀងបទចម្រៀងនេះ ម្ចាស់បទដើមគឺ លោក ងួន កែវពេជ្រពិសិដ្ឋ ក៏បានសរសើរថា ខ្លួនច្រៀងពីរោះជាងម្ចាស់បទដើមទៀតផង។ មិនបាន១ខែស្រួលបួសផង មិត្តភ័ក្ដិរបស់លោកបានស្លាប់ទាំងអាល័យ ហើយ គុយ លី បានសន្យានឹងខ្លួនឯងថា ត្រូវផលិតបទចម្រៀងនេះជា MV ឲ្យទាល់តែបាន ដើម្បីជាអនុស្សាវរីយ៍ ចុងក្រោយជាមួយមិត្តសម្លាញ់ម្នាក់នេះ។
ជាមួយនឹងការផលិត MV បទចម្រៀង១បទនេះ គុយលី បានថ្លែង ការចំណាយគឺ អស់ត្រឹមតែជាង ១០ដុល្លារ ប៉ុណ្ណោះ ដែលចំនួននេះ គឺតិចបំផុតអាចនិយាយបានថា ក្នុងចំណោមការថត MV នៅស្រុកខ្មែរ គ្មានបទចម្រៀងណាថត អស់តិចជាងលោកឡើយ។ ទាំងនេះក៏ព្រោះ តែទាំងកាមេរ៉ា ជាងថត អ្នកកាត់ត គឺ ជាមិត្តភ័ក្ដិ ដូចនេះ ម្នាក់ៗមិនបានគិតប្រាក់ពីលោកឡើយ គ្រាន់តែទិញអីញ៉ាំជុំគ្នាប៉ុណ្ណោះ។
គុយលី មិនបានរំពឹងថា បទចម្រៀង១បទនេះ អាចធ្វើឲ្យខ្លួនល្បីអីឡើយ ដូចបានលើកឡើង លោកផលិតឡើងគ្រាន់តែសម្រាប់ជាអនុស្សាវរីយជាមួយលោក ងួន កែវពេជ្រពិសិដ្ឋ ដែលជាមិត្តភ័ក្ដិរបស់ខ្លួនប៉ុណ្ណោះ។ ចង់ដឹងថា “កុំទុកបងជា Power Bank” ម្ចាស់ដើមលោក ងួន កែវពេជ្រពិសិដ្ឋ ច្រៀងឡើងវិញ ដោយ គុយ លី ពីរោះយ៉ាងណាតោះស្ដាប់ទាំងអស់គ្នា៕
ប្រភព៖ sabay