រូបភាពសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី យួរកាបូបខ្មែរច្នៃពីកំប្លោកមួយសន្លឹក ធ្វើឱ្យសម្ដេចតេជោ បង្ហោះសារសរសើរទាំងព្រឹក

កម្សាន្ត

«សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ដែលបានប្រើប្រាស់ផលិតផលច្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប។ ប្រសិនបើកាបូបខ្មែរដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើអោយសិប្បកម្មកែឆ្នៃនិងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង»។ នេះជាការលើកសរសើរត្រង់ៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ចំពោះរូបថតមួយសន្លឹក ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងលោកជំទាវៗថ្នាក់ដឹកនាំផ្សេងទៀត ដែលកំពុងកាន់កាបូបខ្មែរច្នៃពីកំប្លោកថតចេញពីតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយកន្លែងក្នុងខេត្តសៀមរាប ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើផេកហ្វេសប៊ុករបស់សម្ដេចដដែល ក៏បានថែមមួយឃ្លាទៀត យ៉ាងផ្អែមល្ហែមទៅកាន់ឧត្តមភរិយាជាទីស្រលាញ់របស់លោកថា៖ «មួយប៉ុស្តនេះ ខ្ញុំមើលឃើញថាប្រពន្ធខ្ញុំនៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី»។

គួរបញ្ជាក់ថា សិប្បកម្ម​កំប្លោក នៅក្នុងខេត្តសៀមរាបភាគច្រើន គេសង្កេតឃើញមានច្រើននៅតំបន់​ភ្នំ​ក្រោម។ ពលរដ្ឋប្រកបរបរនេះ និយម​កែ​ច្នៃកំប្លោក​ទៅ​ជា​វត្ថុ​អនុស្សាវរីយ៍​ និងរបស់របរប្រើប្រាស់ជាច្រើនផ្សេងទៀត ជាពិសេសគឺ​កាបូប​ប្រើប្រាស់របស់សុភាពនារីៗតែម្ដង។ បច្ចុប្បន្ន​ទីផ្សារកាបូបកំប្លោកខ្មែរ ទទួលបានប្រជាប្រិយភាព និងការគាំទ្រ និងបានជិះយន្តហោះ​ដល់​បរទេសថែមទៀតផង​ ដូចជាប្រទេស អេស្ប៉ាញ ឥណ្ឌូណេស៊ី ជប៉ុន និងកូរ៉េ ជាដើម៕