“ទីបំផុតនារីដែលមានវ័យ30ឆ្នាំ ត្រូវបានសារមន្ទីរដោះលែងវិញហើយ” គឺជាប្រយោគបែបកំប្លែងមួយរបស់តារាស្រី អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ សំដៅដល់ខ្លួននាង ដែលមានវ័យជ្រេបន្តិចទៅហើយ បានរកឃើញគូគាប់ទ្រនាប់ចិត្តត្រៀមចូលរោងការចុងខែនេះហើយ។
យោងលើហេតុផលខាងលើ ពិធីការិនី និងជាតារាសម្ដែង ណូម័រ បានលើកទឹកចិត្តដល់មិត្តនារីផ្សេងទៀត ដែលមិនទាន់ដល់គូ កុំទាន់អស់សង្ឃឹម។ “អីចឹងបងប្អូន ដែលអត់លិឍគ្នាយើង កុំភ័យបារម្ភណា តាំងចិត្តអោយស្ងប់! មិនប្រាកដថា ចូលសារមន្ទីរហើយចេញវិញមិនបាននោះទេ ហិហិ…ឈប់ខ្លាចរអានឹងសារមន្ទីរទៀតទៅ អាយុគ្រាន់ជាតួលេខប៉ុណ្ណោះ”។
មកទល់នឹងពេលនេះ ធៀបការរបស់ ណូម័រ និងវីជេ សុភា បានដល់ដៃភ្ញៀវកិត្តិយសអស់ទៅហើយ ដោយនៅតែថ្ងៃជ័យមកដល់ផ្លូវការតែប៉ុណ្ណោះ។ តាមសំបុត្រអាពាហ៍ពិពាហ៍របស់ តារាស្រីប្រុសមួយគូនេះ ដែលធ្លាក់ដល់ដៃភ្ញៀវកិត្តិយស ពួកគេទាំងពីរនឹងចូលរោងជ័យផ្លូវការនៅថ្ងៃទី ២៨ ឧសភានេះហើយ ក្រោយពីបានសេពគប់គ្នាអស់រយៈ ពេលជាច្រើនឆ្នាំ។
នេះជាកិច្ចប្រពៃណីដែលសាមីខ្លួនធ្លាប់អះអាងថា មិនអាចចោលបាន ប៉ុន្តែកិច្ចក្នុងលក្ខខណ្ឌច្បាប់ គឺពួកគេទាំងពីរបានបំពេញរួចរាល់ហើយ ពោលគឺពួកគេទាំងពីរបានចុះអេតាស៊ីវិលជាមួយគ្នារួចហើយ។ បន្ថែមពីលើនេះ ណូម័រ និងវីជេ សុភា ក៏បានទិញផ្ទះថ្មីសម្រាប់រួមរស់ជាមួយគ្នារួចរាល់ហើយទៀតដែរ ទើបអ្នកទាំងពីរឈានមកបំពេញកិច្ចតាមប្រពៃណីទំនៀមទម្លាប់បន្ថែមទៀតនាចុងខែនេះ។
នៅមុននេះ អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ បានបដិសេធន៍និយាយពីថ្ងៃរៀបការ ដោយនាងចង់ឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល។ ប៉ុន្តែនាងបានប្រកាសបើកចំហចំណងស្នេហ៍ជាមួយអតីតពិធីករទូរទស្សន៍វីជេ សុភា កាលពីដើមខែមេសា។ ទំនាក់ទំនងមួយនេះ គឺបន្ទាប់ពីពួកគេបានសេពគប់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក្នុងរយៈពេលនោះ គេបានដាក់ការសង្ស័យថា លើទំនាក់ទំនងមួយនេះក៏ដោយ កាលណោះ នាង តែងអះអាងថា នាង និងវីជេ សុភា ត្រឹមជាមិត្តរួមអាជីព និងជាងបងប្រុសម្នាក់ប៉ុណ្ណោះ។
ប្រភព៖ sabay អត្ថបទ៖ទារិកា