ខណៈដែលអ្នកសិល្បៈស្ទើរមួយប្រទេសកំពុងតែថ្ងួចថ្ងូររឿងប្រាក់ចំណូល ដោយសារតែការជះឥទ្ធិពលនៃជំងឺកូវីដ១៩ធ្វើឲ្យពួកគាត់បាត់ប្រាក់ចំណូល ស្រាប់តែប្រភពគូរឲ្យទុកចិត្តមួយទម្លាយឲ្យដឹងថា តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra កំពុងតែសំងំឱបយក ស្ពតធំៗ តម្លៃរាប់សែនដុល្លារ។

ប្រភពខាងលើបានទម្លាយឲ្យដឹងថា តន់ ចន្ទសីម៉ា បានក្លាយប្រេនអាបាស់សឺដ័ ជាច្រើន ដូចជាក្រុមហ៊ុនរថយន្ត, ក្រុមហ៊ុន ផលិតផលគ្រឿងសំអាង ក្រុមហ៊ុន ស្រាបៀរ ភេសជ្ជៈប៉ូវកំលាំង លក្រុមហ៊ុនអេឡិចត្រូនិច និងក្រុមហ៊ុនជាច្រើនកំពុងចរចា។

ប្រភពដដែលបានទម្លាយឲ្យដឹងបន្ថែមទៀតថា គ្រាន់អានឈរមួយ ដែលមានទើបតែចុះកកុងត្រានោះ តារាចម្រៀងស្រីរូបនេះ ទទួលបានប្រមាណជាមួយសែនដុល្លារឡើងទៅហើយ។ ប្រភពដដែលបានវាយតម្លៃថា ប្រសិនបើមិនរងផងប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ទេនោះ តន់ ចន្ទសីម៉ា គឺច្បាស់ជា គ្មានពេលសម្រាកឡើយ ត្បិតអីក្រុមហ៊ុនធំៗដែលមកស៊ីនៅស្រុកខ្មែរជាច្រើន មួយណាក៏ចង់បាននាងធ្វើជា ប្រេនអាបាស់សឺដ័ឲ្យផលិតផលរបស់ពួកគេដែរ។

ជុំវិញការលើកឡើងខាងលើ លោកយឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ ផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃដែល តន់ ចន្ទសីម៉ា ទទួលការងារ ជាប្រេនអាបាស់សឺដ័ក្រុមហ៊ុនខាងលើ គឺពិតប្រាកដហើយ។ លោកបន្ថែមថា បច្ចុប្បន្នខាងផលិតកម្មកំពុងពិចារណា លើក្រុមហ៊ុនធំៗជាច្រើនទៀត ដែលមានបំណងចង់បាននាង ហើយអូខេទៅលើ ក្រុមហ៊ុនទាំងនោះក្នុងពេលឆាប់ៗនេះ៕
