ខណៈដែលមហាជនភាគច្រើន កំពុងតែមើលឃើញថា ការគាំទ្រក្នុងបទ”ត្រលប់” នៅមិនទាន់អស់ចំហាយផង ពេលនេះតារាចម្រៀងប្រចាំផលិតកម្មរាម គឺ កញ្ញា មាស សុខសោភា បានបញ្ចេញបទទី២ បន្ទាប់ពីនាងចូលជ្រកនៅក្នុងផលិតកម្មរាមទៀតហើយ ដោយស្នាដៃទី២នេះ ត្រូវគេមើលឃើញថា ទទួលបានការគាំទ្រខ្លាំងក្លា ក្រោយចេញបង្ហោះក្ដៅៗនៅលើយូធូ ។

បទថ្មី ក្រោមចំណងជើងថា”មនុស្សចុងក្រោយ” ដែលទើបតែចេញ ជា Audio កាលពីយប់ថ្ងៃទី២ មេសា ឆ្នាំ២០២១ នេះ ត្រូវគេឃើញមានអ្នកចូលស្ដាប់កើនឡើងខ្ពស់តែមួយពព្រិចភ្នែកតែម្ដង ដែលមានន័យថា ស្នាដៃរបស់នាង គឺហ្វេនហ្វេនទន្ទឹងរង់ចាំតែបង្ហាញ អង្អាលនឹងចូលស្ដាប់ និង ចែកចាយ។ ចម្រៀងមួយបទត្រូវបានគេដឹងថា មានអត្ថន័យតភាគនឹងបទ”ត្រលប់” ដែលផ្ទុះការគាំទ្រខ្លាំងនោះផង ទើបគ្រាន់តែចេញមិនទាន់បានប៉ុន្មានផង ក៏កក្រើកអ្នកគាំទ្រ។

មួយបទនេះ ផ្អែលតាម Cover ដែលបានឌីហ្សាញ ក៏បានបញ្ជាក់ថា ជាបទដែលមានសាច់រឿងបន្តពីបទទី១ដែលនាងបានបញ្ចេញពីផលិតកម្មរាមផងដែរ ទើបធ្វើអោយស្នាដៃទី២របស់នាងមួយបទនេះ ត្រួវបានគេរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំង។

ប្រភពពីផលិតកម្មរាម បានអះអាងថា ចម្រៀងមួយបទនេះ ត្រូវបានផលិតជា MV សាច់រឿងរួចរាល់ហើយ ដោយស្នាដៃ MV នេះ ក៏បង្ហោះឆាប់ៗបន្ទាប់ពី Audio ត្រូវបានបង្ហោះនេះផងដែរ ដើម្បីអោយទាន់ចិត្តមហាជនដែលរង់ចាំស្នាដៃថ្មីៗរបស់ផលិតកម្មរាមនៅក្នុងពិភពចម្រៀង។ មាស សុខសោភា ញញឹមបិទមាត់មិនជិតនោះទេ បន្ទាប់ពីបទទី២របស់នាងដែលទើបតែបញ្ចេញក្ដៅៗ ទទួលបានការគាំទ្រភ្លាមៗ ដូចការរំពឹងទុក។



