លោកស្រី ឆាយ ស៊ីវលីន៖ ក្រសួងគួរទាក់ទាញភ្ញៀវទេសចរដែលមានចំណូលខ្ពស់ ជាពិសេសភ្ញៀវធ្វើដំណើរតាមនាវា

កម្សាន្ត

ក្រសួងទេសចរណ៍ បានកំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួច ហើយ​ ដែលនិងរំពឹង​ថាអាច​ចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីជំងឺ​រាតត្បាតកូវីដ១៩ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព ភ្នំពេញបុស្តិ៍

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានសម្ដែងក្ដីសាទរចំពោះការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ដែល​ជាច្រកចេញតែមួយគត់អាចជួយសង្រ្គោះវិស័យទេសចរណ៍នៅកម្ពុជាឱ្យមានសន្ទុះឡើងវិញ។

លោកស្រីបាន​លើកឡើងយ៉ាងដូច្នេះថា ក្រសួងគួរទាក់ទាញភ្ញៀវទេសចរដែលមានចំណូលខ្ពស់ ជាពិសេសភ្ញៀវធ្វើដំណើរតាមនាវា ដោយសារចំណូលរបស់ភ្ញៀវទាំងនោះមិនសូវប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ១៩ទេ។ លោកស្រីសង្កេតឃើញថា ក្នុងចំណោមភ្ញៀវទេសចរណ៍ធ្វើដំណើរតាមនាវាទាំងអស់ មានប្រមាណតែ១០ភាគរយប៉ុណ្ណោះដែលចុះមកទស្សនាកម្ពុជា ដោយសារការផ្គត់ផ្គង់ និងផលិតផលរបស់យើងនៅមានកម្រិតនៅឡើយ។

លោកស្រី ឆាយ ស៊ីវលីន បានអំពាវនាវឱ្យមានការសម្របសម្រួលដល់ភ្ញៀវដូចជាការចូលចតនាវា និងទិដ្ឋការធ្វើដំណើរជាដើម ក្នុងន័យ​បង្កលក្ខណៈងាយស្រួលដល់ពួកគេចូលមកទស្សនាប្រទេសកម្ពុជា។ ប្រសិនបើការសម្របសម្រួលទាមទារពេលវេលាយូរពេក តឹងតែងពេក ភ្ញៀវទេសចរណ៍ប្រហែលជាមិនចង់ចូលមកទេ ព្រោះពួកគេមានតារាងពេលវេលា​កៀកៗគ្នាដែរ។

បន្ថែមពីនេះទៅទៀត ប្រធាន​ទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះ ក៏ស្នើ​ដល់ក្រសួងប្រកាសលិខិតទាក់ទងនឹងអ្នកធ្វើដំណើរមកកម្ពុជាឱ្យបានឆាប់ និងចែងឱ្យបានច្បាស់លាស់ ដើម្បីឱ្យភ្ញៀវទាំងនោះត្រៀមលក្ខណៈអាចចូលមកទស្សនាប្រទេស​កម្ពុជា​បាន។​

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងជំហានដំបូងក្រសួងនឹងធ្វើការជាមួយក្រសួងសុខាភិបាលអំពីលក្ខខណ្ឌសម្រាប់​ការ​បើកទីផ្សារ​ទេសចរណ៍​ឡើងវិញនេះ។ ​

“ជាគោលការណ៍​ភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំង​រួច អាច​ចូលមកប្រទេសកម្ពុជានោះ តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ក្នុងកម្រិតណា ឬមិនចាំបាច់ទេ”។

រូបភាព thekhmerdaily

ឯកឧត្តមសង្កត់ធ្ងន់ថា​ ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ទី១គឺការកសាងឲ្យបាននូវទំនុកចិត្តដល់អ្នកទេសចរណ៍ ទី២គឺគុណភាព និងសេវាកម្មផលិតផលទេសចរណ៍​រួមទាំង​តម្លៃឲ្យបានសមរម្យ និងទី៣គឺការសម្រួលការធ្វើដំណើរដល់ទេសចរនៅតាមច្រកទ្វារអន្តរជាតិ។

ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានដូចជា ប្រទេសសិង្ហបុរី និងប្រទេសថៃ បានបង្ហាញពីផែនការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួននាពេលខាងមុខនេះ។

រូបភាព អ៊ិនធើណេត

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា កាលពីឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១,៣១លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិកាលពីឆ្នាំមុន បានធ្វើឲ្យឧស្សាហកម្មទេសចរណ៍កម្ពុជា បាត់បង់ចំណូលជាង ៣ពាន់លានដុល្លារអាមេរិក៕

ប្រភព៖ កម្ពុជាថ្មី