កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្លាប់នាំ១គ្រួសារ ព្រមទាំងក្រុមរាំរបស់លោកផង ទៅចូលរួមប្រគំតន្ត្រីឲ្យក្រុមហ៊ុន របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ម្ដងរួចមកហើយនៅប្រទេសកូរ៉េកាលចុងឆ្នាំ២០១៨ ដែលកាលណោះកំពូលតារាចម្រៀងរូបនេះធ្លាប់សន្យានិងអ្នកគាំទ្រលោកនៅទីនោះថា ប្រសិនបើលោកមានឱកាសបានចេញទៅច្រៀងនៅប្រទេសកូរ៉េជាលើកទី២ លោកនឹងនាំ ទាំងក្រុមភ្លេងមកជាមួយថែមទៀត ដើម្បីឲ្យការប្រគំតន្ត្រីមានភាពទាក់ទាញ ត្បិតអីការឡើងទៅច្រៀងកាលពីលើកទី១នោះ គឺច្រៀងដោយចាក់ភ្លេង ហាក់ដូចជាសប្បាយមិនអស់ដៃ។ ដូចបានសន្យា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩ កំពូលតារាចម្រៀងរូបនេះ នឹង ចេញទៅច្រៀងរាំ នៅប្រទេសទេសកូរ៉េម្ដងទៀតហើយ ដោយការប្រគំតន្ត្រីខ្នាតធំ មិនធ្លាប់មាននេះ មានតារាចម្រៀងជាច្រើន ក្នុងនោះមានក្រុមចចកសមុទ្រ ដែលជាក្រុមភ្លេងល្បីឈ្មោះជាងគេនៅក្នុងប្រទេសកម្ពុជាទៅជាមួយផង ទាំងនេះ ក៏ព្រោះតែ ឧកញ៉ា ឡេង ណាវ៉ាត្រា គឺជា អ្នកឧបត្ថម្ភផ្ដាច់មុខលើការប្រគំតន្ត្រីនេះតែម្ដង។
កន្លងមក ក្រុមហ៊ុនបុរីឡេងណាវ៉ាត្រា ធ្លាប់បានចាយទុនធានាយកតារាខ្មែរ ទៅច្រៀងរួមគ្នានៅក្នុងប្រទេសកូរ៉េ ប៉ុន្តែការប្រគំតន្ត្រីទាំងនោះមិនធ្លាប់មាន ប្រគំដោយផ្ទាល់ពីក្រុមតន្ត្រីករ ដែលគេហៅថា Live Band នោះទេ។ អ្វីដែលកាន់តែពិសេស គឺការប្រគំតន្ត្រីលើកនេះ Live Band ដោយក្រុមចចកសមុទ្រ ដែលជាក្រុមល្បីល្បាញនៅកម្ពុជា និងកំពូលតារាចម្រៀងជាច្រើនដួងទៀត។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា បានប្រកាសជាសាធារណៈថា ដើម្បីឲ្យការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ ទទួលបានការចាប់អារម្មណ៍ជាងមុន លោកសម្រេចអញ្ជើញក្រុមចចកសមុទ្រ យកទៅកាន់ឩបករណ៍តន្ត្រីដោយផ្ទាល់ ដោយមិនតម្រូវឲ្យសិល្បករបកស្រាយចម្រៀង ដោយការចាក់សាច់ភ្លេងទៀតទេ។ លោកថាការប្រគុំតន្ត្រី Live Band និងចាក់ភ្លេង មានភាពរស់រវើកមិនដូចគ្នាទេ ដោយការប្រគំតន្ត្រីមានភ្លេង នឹងជួយឲ្យការសម្ដែងរបស់ក្រុមសិល្បករ និងពិធីករ មានភាពរលូន និងទាក់ទាញជាង។
ការប្រគំតន្ត្រីខ្នាតធំ មិនធ្លាប់មាននេះ នឹងរៀបចំឡើងនៅក្រុងអាន់សាន់ នៅថ្ងៃទី១៣ ខែកញ្ញា ដោយការប្រគំតន្ត្រីលើកនេះ គឺលោកនឹងធ្វើឲ្យកក្រើកតែម្ដង។ តារាល្បីៗដែលលោកយកទៅនៅក្នុងឆ្នាំនេះរួមមាន លោក ព្រាប សុវត្ថិ កូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ, លោក ប៉ែន ចំរ៉ុង, លោក ខេម, កញ្ញា អ៊ីវ៉ា,លោកគូម៉ា និងតារាល្បីៗជាច្រើនផ្សេងទៀត៕