ភាពយន្ត​ខ្លី​ចំនួន៦រឿង ជ្រើស​រើស​ចូល​រួម​​ប្រកួត មហោស្រពភាពយន្តខ្លីចតុមុខ២០១៩

កម្សាន្ត

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើក​ទី៨ គ្រោង​ធ្វើ​ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៨​កញ្ញា​ឆ្នាំ​២០១៩​ខាងមុខ​នេះ​ហើយ ​ក្នុង​នោះ​គណៈកម្មការ​​បាន​ជ្រើសរើស​ភាពយន្ត​ខ្លី​ក្នុងស្រុក​ចំនួន​១២​ចំណងជើង ដែលមាន​ភាពលេច​ធ្លោ​សម្រាប់​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​ឆ្នាំ​ទី​៨​របស់​ខ្លួន ក្នុង​១២​រឿង​នោះ មាន​ភាពយន្ត​ខ្លី​៦​រឿង ជាប់​ក្នុង​ជម្រើស​ដើម្បី​ប្រកួតប្រជែង​យក​ពានរង្វាន់​។ នេះ​បើ​តាម​ការ​លើក​ឡើង ក្នុង​កម្មវិធី​សន្និសីទសារព័ត៌មាន​ឆ្នាំ២០១៩ នៅឯមជ្ឈមណ្ឌល ធនធានសោតទស្សន៏បុប្ផាណា​កាលពីព្រឹកថ្ងៃច័ន្ទ ទី០២ ខែកញ្ញា ម្សិល​មិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពយន្ត​ខ្លី​ទាំង​៦​រឿង​ដែល​ជាប់​ក្នុង​ជម្រើស​ដើម្បី​ប្រកួត​ប្រ​ជែក​យក​ពានរង្វាន់​រួមមាន ១“​ខ្សែ​ទ្រ​” ដឹកនាំ​រឿង​ដោយ វង្ស បញ្ញា​វ័​ន្ត​។ ទី​២“​ព្រោះ​បង​ស្រឡាញ់​អូន​ជាង​” ដឹកនាំ​រឿង​ដោយ ចាន់ ស៊ី​ណេ​ត​។ ទី​៣ “​ផ្ទះបាយ​” ដឹកនាំ​រឿង​ដោយ ឯក សា​ម៉ី​ឌី​។ ទី​៤ “​អ្នករាំ​របាំ​” ដឹកនាំ​រឿង​ដោយ សេង ធី​។ ទី​៥ “​អ្នក​លាបថ្នាំ​” ដឹកនាំ​រឿង​ដោយ ស៊ិន ចន្ថា​។ និង​ទី​៦”​មុន​មេឃ​ភ្លៀង​” ដឹកនាំ​រឿង​ដោយ នេ​ត ឥន្ទ​ន​រា​សុ​ទ្ធី​ដ្ឋេ​ព​។

​ចំណែក​ភាពយន្ត​ខ្លី​ចំនួន​៦​រឿង​ផ្សេងទៀត ដែល​ជាប់​ក្នុង​ជម្រើស​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ដែរនោះ មានដូចជា​ទី​១​រឿង ”​គម្រោង​៖​ស៊ើបអង្កេត​” ដឹកនាំ​រឿង​ដោយ លី ពៅ​។ ទី​២​រឿង ”​ដំណក់ឈាម​” ដឹកនាំ​រឿង​ដោយ ទេព បញ្ចរង្គ​។ ទី​៣​រឿង “​រត់គេច​” ដឹកនាំ​រឿង​ដោយ អ៊ុក ច័ន្ទ​បូ​ផៃ​។ ទី​៤​រឿង “​សុភមង្គល​” ដឹកនាំ​រឿង​ដោយ ឌុ​ច ផ្លែ​ក​កន្និដ្ឋា​។ ទី​៥​រឿង “​អ្នកណា​” ដឹកនាំ​រឿង​ដោយ សួន គីម​សេង និង​ទី​៦​រឿង “​ជំងឺផ្លូវចិត្ត​” ដឹកនាំ​រឿង​ដោយ សុង សៀកឡេង​។

លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពឆ្នាំនេះបានលើកឡើងថា៖ «ឆ្នាំនេះ មហោស្រពមានលក្ខណៈពិសេស៣ ដែលក្នុងនោះរួមមាន៖

១. ការប្រកួតភាពយន្តឯកសារខ្លី

ឆ្នាំនះ ក្រៅពីរឿងប្រឌិតខ្មែរទាំង១២រឿង នៅមានភាពយន្តឯកសារខ្លីខ្មែរ២រឿង និងបរទេស៤រឿងទៀត។ នេះមិនរាប់បញ្ចូលទាំង ភាពយន្តឯកសារ១៣រឿង ដែលផលិតក្រោមកម្មវិធី«តោះថតឯកសារនៅកម្ពុជា»របស់ក្រុម «ភាពយន្តឈូករ័ត្ន»ផ្ទាល់ផង។

២. រង្វាន់ច្រើនមុខ

-ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា – ១ ០០០ដុល្លារ ជាសាច់ប្រាក់ ​(cash award) ឧបត្ថម្ភដោយគម្រោងអភិវឌ្ឍ«សម្បួរមាស ​6A-261» និងជាសេវាកម្មក្រោយថត ​(post-production award)ពីផលិតកម្ម «កងចក្រ»សម្រាប់កែសម្រួល និងត្រៀម ដាក់មហោស្រពក្រៅស្រុក តាមស្តង់ដារអន្តរជាតិ

-ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា – ៥០០ដុល្លារ
-រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក – ៣០០​ ដុល្លារ

-រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ – ៣០០ ដុល្លារ

– រង្វាន់«សិក្ខាសាលាភាពយន្តឯកសារតាមខេត្ត» – ៥០០ដុល្លារ

-រង្វាន់«ជំរំភាពយន្តឯកសារ» – ៥០០ដុល្លារ

៣. កម្មវិធីពិសេស

ភាពយន្តខ្លីទាំងអស់នឹងត្រូវធ្វើការចាក់បញ្ចាំងនៅតែសាលសន្និសីទចតុម្មុខតែមួយគត់។ ពិធីបើកមហោស្រព នាថ្ងៃទី៥កញ្ញា នឹងមានចាក់បញ្ចាំងរឿង«១លានឆ្នាំ» ដែលដឹកនាំដោយកញ្ញាសាន ដានេច និងផលិតដោយលោកជូ ដេវី។ ជារឿង ទទួលបានពានរង្វាន់ជាច្រើនពីទី្វបអាស៊ី និងអឺរ៉ុប។ លើសពីនេះ មហោស្រពឆ្នាំនេះមានរៀបចំសិក្ខាសាលាផលិត ភាពយន្តខ្លី និងកម្មវិធីជជែកពីអត្ថបទភាពយន្តខ្លីដែលទាក់ទាញ។

រីឯ លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌វិញ បានលើកឡើងថា៖ «ខ្ញុំពិតជាកោតសសើរដល់ការខិតខំរបស់ក្រុម«ភាពយន្តឈូករ័ត្ន» ក៏ដូចជាគណៈកម្មការ មហោស្រព។ ឆ្នាំនះជាឆ្នាំពិសេស ព្រោះថា ក្រុមពួកគាត់បានចុះបណ្តុះបណ្តាលដល់យុវជន តាមខេត្តទៀតលើផ្នែកភាពយន្តឯកសារខ្លី ដែលជាខ្លឹមសារសំខាន់សម្រាប់ទស្សនិកជនយើងដែរ។»

មហោស្រពធំនេះផ្ទាល់ នឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ឆ្នាំនេះ នៅឯ​សាលសន្និសីទ ចតុម្មុខ ក្បែរមាត់ទន្លេ ដោយមានការជ្រោមជ្រែងពីស្ថាប័នដូចខាងក្រោម៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រជាសាលសន្និសីទ

ក្រសួងព័ត៌មាន គាំទ្រជាថវិកា

មូលនិធិPurin គាំទ្រជាថវិកា

គម្រោងអភិវឌ្ឍ«សម្បួរមាស ​6A-261» ឧបត្ថម្ភជាសាច់ប្រាក់ ​(cash award) និងផលិតកម្ម «កងចក្រ»ឧបត្ថម្ភ សេវាកម្មក្រោយថត ​(post-production award)សម្រាប់កែសម្រួល និងត្រៀម ដាក់មហោស្រពក្រៅស្រុក តាម​ ស្តង់ដារអន្តរជាតិ

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈភាពយន្ត និងទទួលផលិតភាពយន្តបរទេស​​ (Cambodia Film Commision) និងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ជាដៃគូទីតាំង និងបច្ចេកទេស

ហាងនំប៉័ងបាយ័ន ឧបត្ថម្ភជាអាហារ

ហាង Hot & Cold Catering ឧបត្ថម្ភជាភេសជ្ជៈ

«សប្បាយ», MyTV និង WeduShare គំាទ្រផ្នែកផ្សព្វផ្សាយ

Studio107 គាំទ្រផ្នែកផលិតរូបថត និងវីដេអូ

សីលប៉ាក់ គាំទ្រផ្នែកបោះពុម្ព។

រួមទាំងអ្នកបរិច្ចាគតាមកម្មវិធីរៃអង្គាសជាច្រើនរូប ជាពិសេសលោក Scott NEESON ស្ថាបនិកអង្គការ «មូលនិធិកុមារកម្ពុជា»។

សូមបញ្ជាក់ថា​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ភាពយន្ត​ខ្លី​ដែល​បានទទួល​ជ័យលាភី​ភាពយន្ត​ខ្លី​ឆ្នើម​គឺ​រឿង​”​ខ្យល់​ខែកុម្ភៈ​” ដែល​ដឹកនាំ​ដោយ​លោក មុន្នី កណ្ណដា​រង្គ​៕