នៅថ្ងៃទី ២៥ ខែឧសភា កញ្ញាដេននី ក្វាន់ បានបង្ហោះសារទាមទារយុត្តិធម៌ ខណៈដែលនាងអះអាងថា ករណីនេះ អយុត្តិធម៌សម្រាប់រូបនាង។ នាងថា សំណងលុយ១ម៉ឺនដុល្លារ នាងទទួលយកមិនបាន និងមើលងាយកិត្តិយសនាងជាស្ត្រីខ្មែរ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ឆ្លើយតបនឹងករណីនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានបញ្ជាក់ថាសំណុំរឿងក្តីកញ្ញា ដេននី ក្វាន់ ដែលចោទម្ចាស់សណ្ឋាគារលួចបង្កប់កាមេរ៉ា ក្នុងបន្ទប់ ត្រូវបានតុលាការសម្រេចក្ដីតាំងពីដំណាច់ខែតុលា ឆ្នាំ២០២០រួចទៅហើយ។
ម្ចាស់សណ្ឋាគារសមុទ្រមាស ឈ្មោះ ជា ណារី ភេទស្រី អាយុ ៤៨ឆ្នាំ មានទីកន្លែងកំណើត នៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៧ ខែតុលា ពាក់ព័ន្ធនឹងការដាក់បង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគាររបស់ខ្លួន ហើយតុលាការបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារតាំងពីថ្ងៃទី២៨ ខែ តុលា និងមិនអនុញ្ញាតឱ្យសណ្ឋាគារធ្វើអាជីវកម្មនោះទេ។ ក្រៅពីនេះ តុលាការក៏សម្រេចឱ្យជនល្មើសសងជំងឺចិត្តដល់ជនរងគ្រោះ១ម៉ឺនដុល្លារ។
បើតាមទំព័រហ្វេសបុកកញ្ញា ដេននី ក្វាន់ បានឲ្យដឹងថា កញ្ញាគេងសណ្ឋាគារសមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់ Camera ក្នុងបន្ទប់គេង បញ្ជាក់មិនមែនតែបន្ទប់កញ្ញាមួយទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ។
ដេននី ក្វាន់ បញ្ជាក់បន្ថែមថា រឿងក្ដីនេះកើតឡើងតាំងពីខែ១០ ឆ្នាំ ២០២០ តែខ្ញុំមិនឡាយ ព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សម្រាប់រូបខ្ញុំណាស់ សំណង១ម៉ឺនដុល្លារនេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្ត្រីខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់៕