រយៈពេល៦ឆ្នាំ ស្ថានីយ៍ទូរទស្សន៍ PNN បានបញ្ចេញនូវណ្ណកម្មភាពយន្តភាគខ្មែរជាច្រើន ក្នុងនោះមានទាំងភាពយន្តភាគបុរាណ និងសម័យទំនើប និងគ្រោងជំរុញរផលិតការភាពយន្តបែបយុវវ័យឲ្យតែច្រើនថែមទៀតដែរនៅឆ្នាំខាងមុខ។
PNN បានបោះទុនទឹកប្រាក់ប្រមាណជាង១០លានដុល្លារហើយ ដែលសរុបរយៈពេល៦ឆ្នាំ លើការជំរុញ និងលើកស្ទួយផលិតភាពភាពយន្តខ្មែរតាមរយៈផលិតកម្មក្នុងស្រុកនានា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ប្រធានផ្នែកគ្រប់គ្រងការចាក់ផ្សាយនៃស្ថានីយ៍ទូរទស្សន៍ PNN កញ្ញា ទូច បុប្ផា បានឲ្យដឹងថា ផលិតកម្មក្នុងស្រុកដែលបានចូលរួមចាប់ដៃគូរសហការជាមួយស្ថានីយ៍ភីអិនអិន ក្នុងការលើកស្ទួយភាពយន្តខ្មែរមានដូចជា ផលិតកម្មរបស់អ្នកនិពន្ធ និងដឹកនាំរឿងជើងចាស់ អ្នកស្រី ពាន់ ភួងបុផ្ផា ផលិតកម្ម LD ផលិតកម្ម PR ផលិតកម្ម ភូមិពេជ្រ និង ផលិតកម្ម Ad Creator ជាដើម។
កញ្ញាបន្តថា “ការដែល ភីអិនអិន ហ៊ានចំណាយទុនច្រើនសន្ធឹកលើវិស័យភាពយន្ត គឺដោយសារភីអិនអិនបានមើលឃើញថា ចង់ឲ្យរឿងខ្មែរមានគុណភាពល្អកត្តាចម្បង គឺទុនផលិត។ បើយើងក្រឡេកមើលទុនផលិតរបស់ផលិតករខ្មែរពីមុន បើប្រៀបធៀបគឺតិចតួចមែនទែន ធ្វើឲ្យពិបាកក្នុងការធ្វើឲ្យភាពយន្តមួយភាពមានគុណភាព ដូច្នេះហើយយើងចាប់ផលិត ផ្តល់នូវតម្លៃផលិតមួយ ដែលទ្វេរមួយជាពីរ ឬបី ទៅលើទុនផលិតជាក់ស្តែងនៅលើទីផ្សារនៅឆ្នាំ២០១៥។”
បើតាមកញ្ញា ១ឆ្នាំ២ឆ្នាំចុងក្រោយនេះ សន្ទុះការគាំទ្ររឿងខ្មែរឡើងខ្លាំង បើគិតពី rating កាលពីមុន បើទោះបីរឿងខ្មែរល្អប៉ុណ្ណាគឺបានត្រឹម 7.0 ប៉ុន្តែបច្ចុប្បន្ន មានអ្នកគាំទ្រច្រើនរហូតឡើងដល់ 9.0 ឬ 10.0។ បើប្រៀបធៀបទៅរឿងខ្មែរគេគាំទ្រច្រើនជាងរឿងបរទេស ខណៈពីមុនគេគាំទ្ររឿងបរទេសច្រើនជាងរឿងខ្មែរ។
កញ្ញាបន្តថា ជាការពិតការផលិតភាពយន្តគឺដើម្បីទាក់ទាញពាណិជ្ជកម្មក្នុងការរកប្រាក់ចំនេញ ប៉ុន្តែយើងក៏មានគោលការណ៍ចម្បងក្នុងការផលិតនូវភាពយន្តដែលលើកកម្ពស់ទស្សនវិស័យវិជ្ជមាននៅក្នុងសង្គម ការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ សោភណ្ឌភាពនៃតំបន់ទេសចរណ៍ក្នុងស្រុក។ ដូច្នេះអ្នកទស្សនា នឹងទទួលបាននូវការកម្សាន្ត ការអប់រំរួមជាមួយភាពវិជ្ជមានសម្រាប់ជាការលើកទឹកចិត្ត។
នេះជាភាពវិជ្ជមានមួយសម្រាប់ភាពយន្តខ្មែរ ការដែលមានការគាំទ្ររឿងខ្មែរច្រើនជាងរឿងបរទេស ហើយការគាំទ្រនេះគឺដោយសារគុណភាពការផលិតល្អច្រើនជាងមុន សាច់រឿងល្អជាងមុន មានតួស្រស់ស្អាតសង្ហា ភាពប៉ិនប្រសប់ ទេពកោសល្យរបស់តួ បូករួមបច្ចេកទេសទំនើប។
រូបភាព PNN
គិតត្រឹមឆ្នាំ២០២១នេះ ភីអិនអិន ផលិតរឿងភាគបានជាង៥០រឿងហើយ ប្រមាណ២ពាន់ម៉ោង។ ឆ្នាំ២០២១ ភីអិនអិន បានត្រៀមជាង១០រឿងសម្រាប់ការចាក់ផ្សាយ ៥ទៅ៦រឿងបាននឹងកំពុងចាក់ផ្សាយ។ ចំណែកឆ្នាំ២០២២ ភីអិនអិន ក៏បានត្រៀមជាង១០រឿងទៀត ដើម្បីបំពេញតម្រូវការទស្សនិកជន អ្នកគាំទ្រផងដែរ។
សូមជម្រាបជូនថា ស្ថានីយ៍ទូរទស្សន៍ PNN គឺជាក្រុមហ៊ុនបុត្តសម្ព័ន្ធនៃក្រុមហ៊ុនមេ អិល. វ៉ាយ. ភី គ្រុប របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបានឈរជើងក្នុងពិភពជំនួញនៅកម្ពុជាជាង៣០ឆ្នាំមកហើយ ខណៈក្រុមហ៊ុនរបស់មហាសេដ្ឋីកំពូលលំដាប់ប្រទេសមួយនេះបានវិវឌ្ឍន៍ខ្លួនយ៉ាងលឿងជាទីបំផុត៕