ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងប៉ុន្មាននាទីមុននេះនៅរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា ថតជាមួយនិង តារាចម្រៀងលោក ខេមរៈ សិរីមន្ត ដោយរូបភាពនោះ បានបង្ហាញឲ្យដឹងថា ពួកគេកំពុងតែធ្វើការងារធំមួយជាមួយគ្នាជាលើកដំបូង។

សកម្មភាពក្រៅឆាកទាំងនោះត្រូវបានបង្ហោះលើផេកផ្លូវការរបស់កំពូលតារាចម្រៀងក្នុងផលិតកម្មGalaxy Navatra តែម្ដង។ អមជាមួយរូបជាច្រើនសន្លឹកនោះ កញ្ញា តន់ ច័ន្ទសីម៉ា បានសរសេររៀបរាប់បែបនេះថា “ថ្ងៃនេះបំពេញការងាជាមួយលោកពូ ខេមរៈ សិរីមន្តជាលើកដំបូងសូមផ្ញើរក្ដីនឹករលឹកដល់ពុកម៉ែបងប្អូនផង បងប្អូនទាយមើលថាសីម៉ាអាយុតិចជាងគាត់ប៉ុន្មានឆ្នាំ?“។

ប្រិយមិត្តដែលបានឃើញរូបភាពទាំងនេះភ្លាម អាចជាមានការភ្ញាក់ផ្អើល ហើយអាចស្មានបានភ្លាមៗថា តារាចម្រៀង ខេមរៈ សិរីមន្ត ច្បាស់ជារត់មកជ្រកក្រោមផលិតកម្មGalaxy Navatra របស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ហើយមើលទៅ។ ត្បិតអី បើមើលទំនាក់ទំនងរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង តារាចម្រៀង លោក ខេមរៈ គឺមានភាពស្និទ្ធស្នាលខ្លាំងណាស់ ដែលទំនងគេ អាចវាយតម្លៃថា នៅថ្ងៃណាមួយច្បាស់ជា សិរីមន្ត រត់មកជ្រកក្រោមផលិតកម្ម Galaxy Navatra ជាក់ជាមិនខាន។

បែបនេះក្ដី មិនទាន់មានរឿងនោះកើតឡើងនៅឡើយទេគិតមកដល់ម៉ោងនេះ ព្រោះលោក ខេមរៈ សិរីមន្ត មិនទាន់ចប់កុងត្រាជាមួយផលិតកម្មដែលលោកកំពុងតែច្រៀងនៅឡើយទេ។ ការជួបគ្នារបស់ កញ្ញា តន់ ច័ន្ទសីម៉ា និង លោក ខេមរៈ សិរីមន្ត ត្រូវបានប្រភពច្បាស់ការដែលគួរឲ្យទុកចិត្តមួយបញ្ជាក់ឲ្យដឹងថា ពួកគេទាំងពីរ បានបំពេញការងារថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុនធំលំដាប់អន្តរជាតិមួយ។
ប្រភពដដែលនោះមិនបានទម្លាយឈ្មោះក្រុមហ៊ុនដែលកំពូលតារាចម្រៀងទាំងពីរថតឲ្យនោះទេ ហើយចំពោះតម្លៃខ្លួននៃការថតវិញក៏មិនបានទម្លាយឲ្យដឹងនោះដែរ គ្រាន់តែប្រាប់ថា ពួកគេទាំងពីរជាតារាគ្រេតA ដូចនេះតម្លៃខ្លួន ក៏ទៅតាមនោះដូចគ្នា។

ជាមួយគ្នានោះគេហទំព័រឧកញ៉ា មិនអាចស្នើសុំការបញ្ជាក់លំអិតពីកញ្ញា តន់ ច័ន្ទសីម៉ា បាននៅឡើយទេ ខណៈទូរសព្ទរបស់នាង ខលចូល មិនមានអ្នកទទួល។
ចំណែកលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានប្រាប់ថា មិនមានវត្តមានរបស់កំពូលតារាចម្រៀងខេមរៈ សិរីមន្ត ចូលក្នុងផលិតកម្មGalaxy Navatra នោះទេ។ ដូចនិងការលើកឡើងពីប្រភពខាងលើ។ លោកថា គ្រាន់តែកិច្ចការធំមួយជាមួយ លោក ខេមរៈ សិរីមន្ត លើការងារថតស្ប៉តពាណិជ្ជកម្មប៉ុណ្ណោះ៕
