លោក ព្រាប សុវត្ថិ តារាចម្រៀង Galaxy Navatra បានលេចមុខតំណាងឲ្យប្រទេសកម្ពុជាចូលរួមកម្មវិធីមួយដែលផ្ដួចផ្ដើមគំនិតដោយ ប្រទេសជប៉ុន ហៅថា “ONLINE ASEAN-Japan Music Festival”។

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រកាសកម្មវិធីនេះកាលពីថ្មីៗនេះ ដោយការអះអាងថា កម្មវិធីនឹងដំណើរឆាប់ៗ ដើម្បីផ្ដល់ពិសោធន៍ថ្មីមួយដល់ប្រជាជនកម្ពុជា អាចកម្សាន្តជាមួយកម្មវិធីតន្ត្រីប្រមូលផ្ដុំដោយកំពូលតារាចម្រៀងប្រទេសក្នុងតំបន់អាស៊ានជាច្រើន ដោយមិនចាំបាច់ចេញពីផ្ទះនោះឡើយ ហើយនោះគឺ “មហោស្រពតន្ត្រីជប៉ុន-អាស៊ានតាមអនឡាញ”។

កម្មវិធីនេះ កើតឡើងដើម្បីរឹតចំណងទាក់ទងរបស់ ជប៉ុន ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងបរិបថ ពិភពលោកគម្រាមគំហែងដោយសារ កូវីដ ១៩។
ស្ថានទូតជប៉ុននៅកម្ពុជា បានគូសបញ្ជាក់ថា “តារាចម្រៀងតំណាងមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុនបានចូលរួមក្នុងមហោស្រពតន្រ្តីជប៉ុន-អាស៊ាននេះ ក្នុងនោះតំណាងប្រទេសកម្ពុជា គឺលោក ព្រាបសុវត្ថិដែលជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយបំផុតនៅកម្ពុជាក៏មានវត្តមានផងដែរ”។





ការចាក់ផ្សាយ កម្មវិធីនេះ បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ ទី៥ ខែមិថុនា ដល់ថ្ងៃសុក្រ ទី១១ ខែមិថុនា តាមគេហទំព័រយូធូបផ្លូវការរបស់កម្ពុជា។ ក្រៅពីនេះ លោក លោកស្រីក៏អាចស្វែងរកនិងរីករាយទស្សនាវីដេអូពីមុនៗតាមគេហទំព័រនេះផងដែរ។ នៅវីដេអូចម្រៀងប្រមូលផ្ដុំដោយតារាចម្រៀងល្បីៗប្រចាំតំបន់អាស៊ាន លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងមួយបទក្នុងផលិតកម្ម Galaxy Navatra ទៅចូលរួមជាមួយកម្មវិធី។ តោះ…ទស្សនាវីដេអូខាងក្រោមនេះ៖