លោកស្រី ប៊ុន ចាន់និមល ដែលគេស្គាល់ថា ជាអតីតអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីឈ្មោះរបស់ផលិតកម្ម សាន់ដេ បច្ចុប្បន្នបានចេញមកបើកផលិតកម្ម ផលិតភាពយន្តដោយខ្លួនឯង។ ជាមួយក្តីសុបិនផ្សារភ្ជាប់អាជីពលោកស្រីបានផលិតនិងចាក់ផ្សាយភាពយន្តជីវិត ជិត៦០រឿង ក្នុងមួយឆ្នាំ។
អ្នកនិពន្ធ និងជាម្ចាស់ក្រុមហ៊ុន SASTRA FILM លោកស្រី ប៊ុន ចាន់និមល តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី១៤ ខែមិថុនា នេះបានឲ្យដឹងថា៖ ខ្មែរស្រលាញ់ខ្មែរ ពួកយើងប្រឹងណាស់ ប្រឹងក្រោកទាំងលូន ទាំងវា ពួកយើងខំមករាប់ឆ្នាំ ខំតាំងពីគេមិនឲ្យតម្លៃរឿងខ្មែរ រហូតរកបានអ្នកគាំទ្ររាប់លាននាក់ ដែលបានយល់ពីតម្លៃនៃការខំប្រឹងពិតរបស់ពួកយើង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកស្រីនិយាយថា៖ ” មួយឆ្នាំ យើងចាក់ផ្សាយភាពយន្តជីវិត ជិត៦០រឿង (ខ្សែរឿងជីវិត ជាង១០រឿង ខ្សែភាពយន្តភាគខ្នាតវែង ប្រមាណជិត១០រឿង) ហើយ២ឆ្នាំចុងក្រោយត្បិតវិបត្តិកូវីដ១៩ យើងក៏មិនបានដេកដួលរមួលផ្សំក្រិច ឲ្យកូវីដជាបញ្ហា យើងរិះរកគ្រប់មធ្យោបាយ ដើម្បីដង្ហើមរស់នៃជីវិតអាជីពភាពយន្ត និងសិល្បៈករ សិល្បៈការិនី រហូតយើងថ្លើមធំហ៊ានប្រថុយបន្តផលិតរឿងបន្ថែមឲ្យបានច្រើនប្រភេទ និងបង្កើត Sastra Film App Cambodia ” ។
លោកស្រីបន្តថា យើងមិនធ្លាប់អួតមុនធ្វើ យើងមិនធ្លាប់សំពះអង្វរ យើងមានតែការប្រឹងហើយប្រឹងទៀត។ យើងធ្វើការទាំងថ្ងៃទាំងយប់ យើងគិតហើយអនុវត្តភ្លាម ត្បិតពេលវេលាមានតម្លៃណាស់។ ដូច្នេះហើយ កំហុសយើងរមែងកើតមានដោយយថាហេតុណាមួយ ។
បើតាមអ្នកនិពន្ធ និងម្ចាស់ផលិតកម្មដ៏ល្បី ប៊ុន ចាន់និមល បានគូសបញ្ជាក់ថា បើអ្នកពិតជាអ្នកស្រលាញ់ភាពយន្តខ្មែរ អ្នកអាចស្ថាបនាយើងបាន អ្នកអាចខល ឬឆាត ឬអ៊ីមេលមកយើង ពួកយើងត្រេកអរណាស់បើបានអ្នកចេះដឹងជួយកែលម្អពួកយើងបន្ថែម។ តែខ្ញុំសូមក្តីមេត្តាករុណា កុំយកកំហុសពួកយើង ទាំងអ្នកវិនិច្ឆ័យ កាត់សេចក្តីត្រឹមរូបថត ហើយផុសឲ្យផ្អើលគេឯង យក Like យក Share ដើម្បីល្បីខ្លួនឯង។
លោកស្រីក៏សូមអរព្រះគុណ អរគុណយ៉ាងក្រៃលែងចំពោះជនរួមជាតិដែលឃើញតម្លៃការប្រឹងប្រែងរបស់ពួកយើង ពួកយើងប្តេជ្ញាចិត្តប្រឹងប្រែងដើម្បីភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក ពួកយើងគឺ Sastra Film៕