ឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំ​តារា​ល្បី​កម្ពុជា​ជាច្រើន​ដួង​ទៅ​​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ទៀត​​ហើយ

កម្សាន្ត


ឧកញ៉ាវ័យក្មេងម្ចាស់ផលិតកម្ម Galaxy​ដែលកំពុងមានប្រជាប្រិយភាព​លើវិស័យជំនួញ​ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ជាថ្មីម្តងទៀត បានរៀបចំកម្មវិធីតន្រ្តីមួយ នៅប្រទេសកូរ៉េ​ ដើម្បីឲ្យបងប្អូនពលករខ្មែរនៅទីនោះ បានរាំលេង​សប្បាយ​មុនឱកាសបុណ្យភ្ជុំបិណ្ឌ។



លោកបានដឹកនាំតារាប្រុសស្រីល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប ដើម្បីធ្វើឲ្យបរិយាកាស​នៅ​ទីនោះ​កាន់តែ​មានភាពរស់រវើក ព្រោះបានជួបសុទ្ធតែអាយដលក្នុងដួងចិត្តរបស់ពួកគេ​​​។កាន់តែ​ពិសេស​ក្រុមតារាល្បីពីប្រទេសកម្ពុជា​ នឹងនាំយកនូវបទចម្រៀងថ្មីៗ ដែលកំពុងពេញនិយមទៅ​ចែក​ជូនបងប្អូនខ្មែរនៅកូរ៉េបានកំសាន្តសប្បាយ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឧកញ៉ា ឡេង ណាវ៉ាត្រាបានថ្លែងប្រាប់មុនចេញដំណើរនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩​ ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោកបានដឹកនាំសិល្បករ-សិល្បការិនីកម្ពុជា ទៅសម្តែង​នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង ពោលគឺជាបាន ៦ទៅ៧ លើកមកហើយ។ យ៉ាងណាមិញ​ លោក​ពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលមានឱកាសធ្វើឲ្យពលករខ្មែរ​នៅកូរ៉េបាន​សប្បាយ​រីករាយ តាមរយៈការរាំកំសាន្តសប្បាយជាមួយនឹងសិល្បករកម្ពុជា។ នេះបានបញ្ជក់ថា ទោះ​មិនបានសប្បាយជាមួយក្រុមគ្រួសារនៅស្រុកក៏ពិតមែន តែបងប្អូនពលករខ្មែរ អាចសប្បាយ​ជាមួយសិក្បករកម្ពុជា និងបងប្អូនខ្មែរដទៃទៀត ប្រៀបបាននឹងក្រុមគ្រួសារតែម្តងអ៊ីចឹង។

បន្ថែមពីនេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានសង្កត់ធ្ងន់ថា គោលបំណងរបស់លោក ដែលដឹក​នាំ​តារាពីកម្ពុជាទៅសម្តែងនៅកូរ៉េនេះ គឺគោលបំណងចង់ឲ្យបងប្អូនខ្មែរបានសប្បាយរីករាយ ពេល​សម្រាក​ពីការងារក្នុងឱកាសមុនភ្ជុំបិណ្ឌ។ ពិសេសជានេះ ក៏ដើម្បីទៅផ្សព្វផ្សាយ​ពីគម្រោង​បុរីរបស់​លោកផងដែរ។

គួរជម្រាបថា តារាល្បីៗដែលបានទៅសម្តែងនៅកូរ៉េលើកនេះ គឺសុទ្ធតែល្បីៗមិនខុសពីកន្លងមក​ឡើយ ពោលគឺមានដូចជា កំពូលតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ និងកូនប្រុសទាំងបីនាក់​របស់​លោក, លោក ខេម, កញ្ញា អ៊ីវ៉ា, លោក​ ប៉ែន ចំរុង, ក្រុមចចកសមុទ្រ, លោក គូម៉ា និងតារាល្បីៗផ្សេងទៀតផងដែរ៕