ពិត​ជា​កូន​ដើរ​តាម​គន្លង​ធម៌​ ​មែន កូន​ប្រុស​ច្បង សាវីន ហ្វីលីប បួស​សង​គុណ​ឪពុក​ម្ដាយ

កម្សាន្ត

តារាសម្តែងប្រុសជើងចាស់ដ៏មានប្រជាប្រិយភាព លោក សាវីន ហ្វីលីព ពិត​ជារំភើបនៅ​ក្នុងចិត្តយ៉ាងខ្លាំង ក្រោយកូនប្រុសច្បងជាទីស្រលាញ់​របស់​​លោក បាន​​សម្រេច​ចិត្ត​ទៅ សាងផ្នួស​រយៈ​ពេល​ខ្លី ដើម្បី​សង​គុណ​​ឪពុក​ម្ដាយ។ ការ​បួស​នេះ បន្ទាប់​ពី កូន​ប្រុស​ម្នាក់​នេះ ​បាន​សម្រេច​លទ្ធផល​ប្រលង​បាក់ឌុប​ជាប់​កាល​ពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កូន​ប្រុស​ច្បង របស់​តារា​សម្ដែង​ជើង​ចាស​រូប​នេះ​មាន​ឈ្មោះ យោធិន វីរ៉ាយុត្ត ​ វ័យ​១៧ឆ្នាំ បាន​សាងផ្នួស​នៅ ទី​អារាម​វត្ត និគ្រោធ​វ័ន​គល់​ទទឹង ដែល​ជា ទី​អារាម ព្រះតេជ​គុណ គូ សុភាព គង់​នៅ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ។ ក្នុង​ពិធី​បំបួស​នោះ​​ផង​ដែរ ព្រះ​តេជគុណ​ គូ ភាព ក៏​បាន​និមន្ត​កោរ​សក់​ផង​ដែរ។វីយ៉ាយុត្ត សម្រេច​ចិត្ត​បួស​ត្រឹម​តែ​១​សប្ដាហ៍​ប៉ុណ្ណោះ និង​ត្រូវ​សឹក​វិញ ដើម្បី​បន្ត​​ការ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ​ថែម​ទៀត លើ​ជំនាញ​IT ​ដែល​គេ​ស្រលាញ់។

លោក សាវីន ហ្វីលីប បាន​ថ្លែង​ដឹង​ថា ក្នុង​មាន​ជា​អាណាព្យាបាល​គឺ ពិត​ជា​រំភើប​គ្មាន​អ្វី​ប្រៀប​បាន​ឡើយ នៅ​ពេល​ដែល​កូន​បាន​បំពេញ​បំណង របស់​ខ្លួន​បែប​នេះ។ លោក​ថា កូន​ប្រុស​របស់​លោក បាន​​សម្រេច​បំណង​ធំៗ​របស់​គេ​បាន​២​ហើយ នោះ​គឺ ប្រលង​បាក់​ឌុប ជាប់និង ការ​សាងផ្នួស ​នេះ​តែ​ម្ដង ដែល​បំណង​នេះ វីយ៉ាយុត្ត បាន​​ប៉ង​ជា​​យូរ​ណាស់​មក​ហើយ។

លោក​លើក​​ឡើង​ថា កូន​ប្រុស​ច្បង​ម្នាក់​នេះ តាំង​​ពី​កើត​មក​រហូត​វ័យ​១៧​ឆ្នាំ​នេះ មិន​ដែល​ធ្វើ​​ឲ្យ​ក្រុម​គ្រួសារ​ពិបាក​ចិត្ត​ឡើយ។ ​ជា​មួយ​ក្នុង​ការ​សម្រេច​ចិត្ត​លើ​ការ​សាងផ្នួស​នេះ លោក​សូម​ជូនពរ​ឲ្យ​​បាន​សម្រេច​​នៅ​​អ្វី​ដែល បាន​ប៉ង ជួប​តែ​សំណាង​​ល្អ​ក្នុង​ជីវិត​។

លោក​ថា បន្ទាប់​ពី​កូន​ប្រុស​របស់​​​លោក សឹក​​​មក​ចូល​រៀន​មហាវិទ្យាល័យ​នៅ​​ក្នុង​​ស្រុក​ចប់ លោក​មាន​បំណង​ចង់​​បន្ត​ឲ្យ​ទៅ​រៀន​បន្ត​នៅ​អាមេរិក ឬ​នៅ New Zealand ព្រោះ​លោក​មាន​បង​ប្អូន​នៅ​ទី​នោះ ដើម្បី​បំពេញ​បំណង​​កូន​ប្រុស​ម្នាក់​នេះ ដែល​ចង់​ក្លាយ​ជា​វិស្វករ​ផ្នែក Computer។

ជុំ​វិញ​នឹង​ការ​សាងផ្នួស​​នេះ លោក សាវីន ហ្វីលីប ក៏​ធ្លាប់​បាន​សាងផ្នួស របស់​ពេល​១​សប្ដាហ៍​ដូច​គ្នា​កាល​ពី​ពេល​កន្លង​ទៅ នៅ​ទី​អារាម​ខាង​លើ​នោះ​ផង​ដែរ៕