សៀវភៅ “ពេលវេលា” ស្នាដៃរបស់អ្នកកាសែតជើងចាស់ម្នាក់ លក់ដាច់បំផុតដល់ថ្នាក់សម្រេចចូលរោងពុម្ភជាលើកទីពីរ

កម្សាន្ត

ជាមួយនឹងវិធីសាស្ត្រគ្រប់គ្រងពេលវេលាត្រឹមត្រូវ មនុស្សប្រាកដជាអាចសម្រេចលទ្ធផលបានច្រើនជាងមុន ហើយមិនហត់នឿយ ឬមានសម្ពាធផ្លូវចិត្តដូចមុនទេ។ នេះបើតាមការលើកឡើងលើទំព័រហ្វេសប៊ុករបស់អ្នកស្រី ម៉ីសន សុធារី អ្នកកាសែតជើងចាស់ និងបច្ចុប្បន្នជាអ្នកនិពន្ធល្បីឈ្មោះម្ចាស់ស្នាដៃសៀវភៅ “ពេលវេលា”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

អ្នកស្រីថ្លែងថា ខ្ញុំអាចនិយាយបានថា ការចេះគ្រប់គ្រងពេលវេលា គឺជាវិធីសាស្ត្រតែមួយគត់ គឺតែមួយផ្លូវនេះប៉ុណ្ណោះ ក្នុងការបន្ថែមពេលវេលាប្រកបដោយទិន្នផល ក្នុងចំណោមពេលវេលាដែលមិនអាចប្ដូរតួលេខបានរបស់គ្រប់គ្នា គឺ ២៤ ម៉ោងក្នុងមួយថ្ងៃ។

អ្នកស្រីបន្តថា អ្នកស្គាល់គ្នាមួយចំនួនបានសរសើរខ្ញុំថា ខ្ញុំមានកូន មានគ្រួសារ ខ្ញុំអាចទាំងធ្វើការ ចូលរួមសកម្មភាពសង្គម អាចធ្វើអាហារដោយដៃសម្រាប់គ្រួសារ អាចហាត់កីឡា អាចសរសេរសៀវភៅ និងអាចតុបតែងរូបរាងឲ្យចូលចំណោមជានិច្ច តើខ្ញុំធ្វើយ៉ាងម៉េច? ចម្លើយរបស់ខ្ញុំ មិនថាយើងរហ័សប៉ុនណា អ្វីដែលគ្មានផែនការតែងតែច្រឡំបល់។ ខ្ញុំរៀបសូម្បីខោអាវសម្រាប់ព្រឹកស្អែក និងកម្មវិធីនៃថ្ងៃនីមួយៗត្រូវមានកាលវិភាគច្បាស់។ ប្រសិនបើខ្ញុំទុកថ្ងៃសៅរ៍មួយសម្រាប់សម្អាត ហើយថ្ងៃអាទិត្យសម្រាប់កម្សាន្ត គឺខ្ញុំធ្វើវាទាល់តែបាន។

ម្ចាស់សៀវភៅពេលវេលារូបនេះ ក៏បង្ហាញនូវគន្លឹះខាងក្រោម អ្នកស្រីធ្លាប់ជួយឲ្យខ្លួនឯងអនុវត្តអ្វីៗសឹង ៨០ ភាគរយបានតាមគម្រោង គឺទីមួយដោយអ្នកស្រីផ្ដោតលើភារកិច្ចសំខាន់ៗ ដែលមានឥទ្ធិពលធំធេងក្នុងការប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាព ដូចជា អាទិភាពគឺការងារដែលធ្វើឲ្យគាត់ទទួលអារម្មណ៍ថា គាត់មានការទទួលខុសត្រូវល្អ។

អ្នកស្រី សុធារី បានអះអាងថា ជាម្ដាយ ជានិយោជិត ជាអ្នកសិល្បៈផ្នែកសរសេរ បើខ្ញុំបំពេញភារកិច្ចធំៗបាន ហត់ប៉ុនណា ខ្ញុំមិនដែលបាក់ទឹកចិត្ត បាក់កម្លាំងគេង ដូចសាកថ្មអាគុយ ហើយចិត្តសប្បាយ។ ចិត្តសប្បាយ យើងមិនងាយមានបញ្ហាធំដុំទេ។ បើយើងចោលការងារអាទិភាព គេចវេះពីការទទួលខុសត្រូវ យើងនឹងមិនសប្បាយចិត្ត ហើយគ្រប់យ៉ាងងាយស្រួលក្នុងការវិវត្តទៅរកភាពថប់បារម្ភ។ ខ្ញុំមិននិយាយថា អ្នកបាក់ទឹកចិត្តទាំងអស់មិនបានបំពេញការទទួលខុសត្រូវ បានជាគេរងគំនាបផ្លូវចិត្តនោះទេ តែខ្ញុំហ៊ាននិយាយថា ក្នុងចំណោមពួកគេ មានអ្នកដែលបាក់ទឹកចិត្តដោយសារមិនបានបំពេញការងារសំខាន់ៗឲ្យបានត្រឹមត្រូវ ឬខូចបង់ពេលវេលាគួរឲ្យសោកស្ដាយ។

អ្នកស្រីបញ្ជាក់ថា ដូចខ្ញុំតែងនិយាយ ពេលវេលាជាអ្វីដែលបាត់ហើយ និងមិនអាចរកមកវិញជារៀងរហូត។ ដូច្នេះ ការសោកស្ដាយនេះជាវិប្បដិសារៈដែលនាំទៅដល់ការខូចចិត្ត។ សិល្បវិធីមួយទៀត គឺការរៀបចំបរិយាកាសការងារល្អ និងបង្កើតលក្ខខណ្ឌការងារមានលំអានត្រឹមត្រូវ ដើម្បីបំបាត់ចោលរាល់ការរំខានខាតពេលវេលា។

ខ្ញុំឧទាហរណ៍ ខ្ញុំមានក្រុមការងារច្រើន ខ្ញុំមិនដែលកំណាញ់ក្នុងការចែករំលែក ឬបង្ហាត់បង្រៀន ចូលរួមយោបល់ ប៉ុន្តែខ្ញុំជ្រើសរើសប្រភេទគម្រោង និងប្រភេទមនុស្សដែលពាក់ព័ន្ធនឹងគម្រោង ការចំណាយពេលទៅលើបុគ្គលដែលមិនយល់អំពីតម្លៃនៃពេលវេលា ភាគច្រើនខ្ញុំមិនចំណាយឡើយ។

ប្រិយមិត្តក៏អាចរកជាវសៀវភៅ ពេលវេលា ដែលនិពន្ធដោយអ្នកស្រី ម៉ីសន សុធារី ក្នុងមួយក្បាលតម្លៃត្រឹម ២៥០០០រៀលប៉ុណ្ណោះ តាមរយៈលេខទូរសព្ទ ​០១៥ ២១៣ ១១។ ខណៈដែលនេះគឺជាការបោះពុម្ភលើកទីពីររបស់គ្រឹះស្ថានតម្រា បន្ទាប់ពីលក់ដាច់ខ្លាំងត្រឹមរយៈពេលដ៏ខ្លី។