រាជរដ្ឋាភិបាល នៅថ្ងៃទី១២ សីហានេះ បានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ ២០២១-២០៣៥។ ផែនការមេនេះនឹងក្លាយជាត្រីវីស័យចង្អុលបង្ហាញអំពីយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗ សម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី។
បើតាមទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា ដោយឈរលើស្ថានភាពជាក់ស្ដែង ជាប្រភពសក្ដានុពលនិងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តភូមិភាគឥសានមួយនេះ រាជរដ្ឋាភិបាលបានកំណត់យកខេត្តមណ្ឌលគិរីជាគោលដៅ អេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការប្រទេស និងឈានទៅដល់ការនាំចេញទៅ ទីផ្សារក្រៅប្រទេស។
ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល ក៏កំណត់យកអាទិភាពសំខាន់ ៦ចំណុច ដែលត្រូវបានរក្សាទុក និងកំណត់អំពីវិសាលភាពនៃសកម្មភាពវិនិយោគនិងការអភិវឌ្ឍតំបន់ឲ្យបានច្បាស់លាស់ ដូចជា៖ ១.តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៃដែនជម្រកសត្វព្រៃទាំង៥ .២.តំបន់របៀងទេសចរណ៍វប្បធម៌និងអេកូទេស ចរណ៍ ប៊ូស-ដាក់ដាំ ៣. ក្រុងសែនមនោរម្យ ៤.តំបន់ស្រុកអូររាំងភ្ជាប់ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគីរី ៥.តំបន់ប្រជុំជននៃស្រុកកោះញែកនិង និង៦.តំបន់ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន៕