នៅដើមខែសីហា ឆ្នាំ២០២១នេះ តារាសម្តែងស្រីវ័យក្មេងល្បីឈ្មោះបោះសំឡេង និងកំពុងធ្វើការលើវិស័យអចលនទ្រព្យ កញ្ញា ងួន ចន្ទ័ចរិយា ត្រូវបានតែងតាំងជាអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ នៃសមាគមអចលនទ្រព្យសកល។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានប្រាប់ឧកញ៉ាញូស៍ថា៖ តារាសម្តែង ងួន ច័ន្ទចរិយា គឺជាតារាមួយដែលបានចូលរួមថតស្ពតពាណិជ្ជកម្មជាច្រើនឲ្យក្រុមហ៊ុន និងបុរីធំៗមួយចំនួនរួចមកហើយក្នុងនោះមានបុរី ប៉េងហួតមួយផង។ មួយវិញទៀត កញ្ញាជាមនុស្សម្នាក់ដែលមានចំណេះដឹងផ្នែកអចលនទ្រព្យ ឬអាចនិយាយបានថា ជាតារាម្នាក់ដែលចាប់អារម្មណ៍ និងកំពុងប្រឡូកក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា។
លោកឧកញ៉ថ្លែងថា អ្វីដែលយើងសង្កេតឃើញ គឺគាត់ចូលចិត្តធ្វើការងារមនុស្សធម៌ និងការជួយដល់អ្នកដែលត្រូវការជំនួយក្នុងប្រទេសកម្ពុជាយើងនាពេលកន្លងមក។
បើតាមប្រធានសមាគមអចលនទ្រព្យ យើងមានចក្ខុវិស័យរួចមកហើយក្នុងការជួយទៅដល់វិស័យអចលនទ្រព្យនៅកម្ពុជាឲ្យមានការរីកចំរើន ហើយនឹងការគៀងគរអ្នកវិនិយោគពីក្រៅស្រុកចូលមកប្រទេសកម្ពុជា។ លើសពីនេះ សមាគមយើងក៏មានការងារមនុស្សធម៌ ដើម្បីចូលរួមចំណែកជួយដល់សង្គម ចឹងយើងតែងតាំងកញ្ញា ងួន ច័ន្ទចរិយា ជាអគ្គលេខាធិការរងលើការងារមនុស្សធម៌ ពីព្រោះកញ្ញាសក្តិសមជាមួយការងារ និងមានទេពកោលសលើការងារមនុស្សធម៌ ហើយជាអ្វីដែលគាត់ស្រឡាញ់ និងចូលចិត្ត ដូច្នេះត្រូវហ្នឹងសមាគមកំពុងត្រូវការ គឺយើងសម្រេចជ្រើសរើសគាត់មកកាន់តួនាទីនេះតែម្តង។
ទាក់ទងនឹងការដែលសមាគមជ្រើសរើសតែងតាំងជាអគ្គលេខាធិការរង កញ្ញា ងួន ច័ន្ទចរិយា និយាយថា តួនាទីនឹងគឺខ្ញុំស្រឡាញ់យូហើយ តាំងពីនៅក្មេងមកម្លេះ ដែលពាក់ព័ន្ធជាមួយការងារសង្គម និងមនុស្សធម៌ផ្សេងៗ ម្យ៉ាងបច្ចុប្បន្នកំពុងធ្វើការខាងអចលនទ្រព្យ ពេលចឹងខ្ញុំគិតថា ខ្ញុំអាចធ្វើការផង និងអាចជួយសង្គមបានបន្ថែមទៀត។
ងួន ច័ន្ទចរិយា គឺជាកូនអ្នកភ្នំពេញដែលមានជីវភាពសមរម្យមួយ ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន ២ សាកលវិទ្យាល័យលើមុខជំនាញផ្សេងៗគ្នា រួមមាន៖ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) ផ្នែកទំនាក់ទំនងអន្តរជាតិ និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) លើជំនាញហិរញ្ញវត្ថុ និងធនាគារ។
កញ្ញា ងួន ច័ន្ទចរិយា គឹជាស្រ្តីវ័យក្មេងស្រស់ស្អាតពោលពេញដោយសមត្ថភាព ចំណេះជំនាញ ខណៈដែលកញ្ញាមានតួនាទីធំមួយក្នុងក្រុមហ៊ុនអន្តរជាតិដែលធ្វើការលើវិស័យអចលនទ្រព្យ នៅលើមហាវិថីសម្តេចហ៊ុនសែន (ផ្លូវ ៦០ម៉ែត្រ)។ ច័ន្ទចរិយាប្រាប់ថា កញ្ញាបានចូលរួមប្រឡូកក្នុងវិស័យអចលនទ្រព្យប្រមាណជាង ៦ឆ្នាំមកហើយ បន្ថែមលើនេះ កញ្ញាក៏កំពុងមមាញឹករវល់ខ្លាំងនឹងការងារសិល្បៈដោយទទួលថតភាពយន្ត ចម្រៀងខារ៉ាអូខេខ្មែរ ស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុន និងបុរីល្បីៗនៅស្រុកខ្មែរមួយចំនួន។
កញ្ញាបន្តថា បច្ចុប្បន្នខ្ញុំក៏ជាដំណាងទូតសុឆន្ទៈ (Ambassador) ឲ្យក្រុមហ៊ុន បុរី ប្រេនទឹកអប់ និងផលិតផលមួយចំនួន ដូចជាក្រុមហ៊ុន Property Area Asia និង Project របស់ផ្សារទំនើប ជីស៊ី អូឬស្សី ជាដើម។
ជាមួយគ្នានេះកញ្ញា បានបង្ហាញនូវគោលបំណងទៅថ្ងៃអនាគតថា ប្រសិនបើមានពេលវេលាគ្រប់គ្រាន់ និងអំណោយផលល្អ កញ្ញានឹងបើកក្រុមហ៊ុនអចលនទ្រព្យខ្លួនឯងមួយ ពីព្រោះដោយសារសព្វថ្ងៃការងារដែលយើងកំពុងធ្វើការគឺផ្តោតទៅលើអចលនទ្រព្យ ដីធ្លី ខុនដូ គ្រាន់តែឥឡូវយើងធ្វើឲ្យគេនៅឡើយ។
កញ្ញាលើកឡើងថា ការងារសិល្បៈគឺជាអ្វីដែលយើងស្រឡាញ់ និងមានបំណងតាំងតែពីក្មេង ខ្ញុំនៅតែបន្តធ្វើការ ប៉ុន្តែអ្វីកំពុងផ្តោតសំខាន់នៅពេលបច្ចុប្បន្ន គឺវិស័យអចលនទ្រព្យ ពេលទំនេរទើបខ្ញុំទទួលថត គ្រាន់តែមុនថតគឺខ្ញុំមើលទៅលើក្រុមហ៊ុន ប្រេន និងផលិតផល ដោយហេតុថា ខ្ញុំចង់រក្សាកិត្តិយស និងមិនចង់ធ្វើអ្វីមួយប៉ះពាល់ដល់សង្គម និងកេរ្តិ៍ឈ្មោះខ្លួនឯង។
អគ្គលេខាធិការរង កញ្ញា ងួន ច័ន្ទចរិយា ត្រូវបានចាត់ថា ជាស្រ្តីគំរូសម្រាប់យុវនារីជំនាន់ក្រោយក្នុងការផ្តល់កម្លាំងចិត្ត ដែលមានបំណងចង់បានជោគជ័យក្នុងជីវិត។ មិនតែប៉ុណ្ណោះស្ត្រីមិនមែនជាភេទទន់ខ្សោយ ពោលគឺស្រ្តីអាចធ្វើអ្វីដូចបុរសដែរ ស្រ្តីក៏អាចប្រើប្រាស់សមត្ថភាពបានល្អប្រសើរ និងរួមចំណែកជួយលើកកម្ពស់ជីវភាពគ្រួសារ និងសង្គមជាតិទៀតផង។
កញ្ញា ងួន ច័ន្ទចរិយា បានចែករំលែកបទពិសោធន ដើម្បីឈានទៅរកភាពជោគជ័យទៅដល់យុវជន យុវនារី ថា៖ “បើសិនយើងស្រឡាញ់អ្វីដែលជាខ្លួនឯង ហើយមានគោលបំណងអ្វីចង់ធ្វើ គឺត្រូវមានក្តីស្រមៃ និងរកវិធីសាស្រ្តបែបណា ឬយុទ្ធសាស្រ្តដូចម្តេច ដើម្បីដើរទៅដល់គោលដៅ។ ពីព្រោះ ប្រសិនបើយើងមានក្តីស្រមៃ ហើយយើងអត់មានការប្រឹងប្រែង គឺយើងអត់អាចជោគជ័យបានទេ”។
ដូចខ្ញុំផ្ទាល់អ៊ីចឹង កាលពីក្មេងខ្ញុំស្រឡាញ់សិល្បៈ និងការងារមនុស្សធម៌ ក៏ដូចជាអចលនទ្រព្យ ឥឡូវខ្ញុំសម្រេចបានដូចគោលបំណងដូចអ្វីដែលខ្ញុំបានប៉ង់តាំងពីក្មេង។ ទម្រាំឈានមកឈរដល់ចំណុចដូចរាល់ថ្ងៃហ្នឹង គឺខ្ញុំខំពុះពារខ្លាំងណាស់ មិនមែនថាយើងអត់ធ្លាប់ដួលនោះឡើយ។ ព្រោះកន្លងមក ខ្ញុំធ្វើកិច្ចការងារទាំងក្នុងសិល្បៈ និងអចលនទ្រព្យ ក៏ធ្លាប់បាក់ទឹកចិត្ត អត់សប្បាយចិត្តដែរ ព្រោះយើងអត់សម្រេចដូចអ្វីដែលយើងបានគ្រងទុក ប៉ុន្តែខ្ញុំនៅតែពុះពារបន្តទៀត មិនចុះចាញ់មិនរួញរាល ដរាបណាខ្ញុំនៅមានជីវិត។ កញ្ញាបានបញ្ជាក់។
ច័ន្ទចរិយាបញ្ជាក់បន្ថែមថា៖ “ការពុះពារ ការខិតខំប្រឹងប្រឹងហ្នឹង គឺវាពិតជាសំខាន់មែនទែន ដើម្បីឲ្យយើងដល់គោលដៅពិតប្រាកដ”៕