ទីបំផុត តារាស្រី អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ បានរៀបការបញ្ចប់ភាពនៅលីវ របស់ខ្លួនហើយ កាលពីល្ងាចមិញនេះ ជាមួយ វីជេ សុភា បន្ទាប់ពីពួកគេ ស្គាល់គ្នាជាង៣ឆ្នាំ។ គូរស្នេហ៍សិល្បៈ១គូរនេះ ខុសពីគូស្នេហ៍សិល្បផ្សេងទៀត គឺ ពួកគេបានចុះសំបុត្រអាពាហ៍ពិពាហ៍មុនថ្ងៃរៀបការ។ មូលហេតុដែលនាំឲ្យពួកគេ រត់ទៅបំពេញឯកសារច្បាប់មុនថ្ងៃរៀបការនេះ ត្រូវបានស្វាមីនាងបញ្ជាក់យ៉ាងដូច្នេះ។
ដើមហេតុចម្បងគឺ មកពីពួកគេទាំង២បានទិញផ្ទះរួមគ្នា ហើយខាងបុរីតម្រូវឲ្យមានសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីយកទៅធ្វើប្លង់រឹងឲ្យ ទើបនាំគ្នាទៅចុះ សំបុត្រអាពាហ៍ពិពាហ៍មុនថ្ងៃតែម្ដងទៅ។ វីជេ សុភា បានប្រាប់ថា ផ្ទះដែលពួកគេទិញមានទីតាំងនៅម្ដុំចោមចៅ ដោយទិញក្នុងតម្លៃជាង៥ម៉ឺនដុល្លារ។ ជុំវិញការចុះសំបុត្រអាពាហ៍ពិពាហ៍មុនថ្ងៃរៀបការនេះ វីជេ សុភា ថ្លែងថា លោកមិនបានគិតពីការតិចទៀនពីអ្នកដទៃឡើយ ព្រោះលោកគិតថា ការធ្វើនៅតម្រូវតាមលក្ខណ៍ខាងបុរី ហើយម្យ៉ាងទៀតមុននឹងក្រោយ គឺពួកគេគង់តែជាប្ដីប្រពន្ធនឹងគ្នាដែលហ្នឹង ដូចនេះ ការចុះអ៊ីតាស៊ីវិល មុនថ្ងៃរៀបការ មិនជាបញ្ហាសម្រាប់គូរស្នេហ៍លោកឡើយ។
តាមការរៀបរបស់អ្នកទាំងពីរពួកគេបានស្គាល់គ្នាជាង៣ឆ្នាំមកហើយ ២ដំបូងគ្រាន់តែ រាប់អានគ្នាធម្មតាទេ ប៉ុន្តែទើបតែមានចិត្តស្រលាញ់គ្នា១ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ វីជេ សុភា លោកស្គាល់គ្នា ក្នុងការងាររួមគ្នា ដោយលោកគឺជាអ្នកគ្រប់ គ្រង់កម្មវិធីចំណែក ណូម័រ ជាពិធីការិនី ។ លោកថា ធ្វើការជាមួយគ្នាយូរៗទៅ ចេះសហការណ៍គ្នា ឃើញទង្វើល្អរៀងៗខ្លួន ចេះអត់ឱនឲ្យគ្នាទៅវិញទៅមក ក៏ចាប់ផ្ដើមបង្កើតជាស្នេហ៍ជាមួយគ្នាតែម្ដងទៅ។
ទន្ទឹមនិងការប្រារព្ធពិធីអាពាហ៍ពិពាហ៍នោះ ពួកគេបានបញ្ចូលពិធីឡើងផ្ទះថ្មីជាមួយគ្នាតែម្ដង ក្នុងនោះ អ្នកទាំងពីរបានអញ្ជើញភ្ញៀវប្រហែលជា៧០តុ ភាគច្រើនជាអ្នកសិល្បៈ ត្បិតអីដូចបានជ្រាប់ហើយថា ពួកគេទាំងពីរគឺជាអ្នកសិល្បៈ ដូចនេះមិត្តភ័ក្ដិរបស់ពួកគេភាគច្រើន ជាអ្នកសិល្បៈតែម្ដង។ វីជេ សុភា បានថ្លែងជា ចុងក្រោយថា ទោះបីជាលោកមិនមានទ្រព្យច្រើនជូនដល់ភរិយាលោកក្ដី អ្វីដែលលោកបានធ្វើឲ្យភរិយានិងសាច់ញាតិទាំងសងខាងសប្បាយចិត្តនោះ គឺលោកបានជូនខាន់ស្លាដល់ដល់ភរិយា ដែលនេះគឺជាបំណងរបស់ស្ត្រីគ្រប់រូប៕