ភ្ញៀវដេីរកម្សាន្តជាង ៦៦ម៉ឺននាក់ក្នុងរយ:ពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខណៈខេត្តកំពតជាង ១០ម៉ឺននាក់

កម្សាន្ត

ក្រសួងទេសចរណ៍ បានឲ្យដឹងថា រយ:ពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីអ្នកកាន់ព្រះពុទ្ធសាសនាខ្មែរ គឺនៅថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដេីរទស្សនាកម្សាន្តសរុប ៦៦៤,៦៩៧ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់ក្រសួងទេសចរណ៍ ខេត្តចំនួន ៧ ដែលគោលដៅទេសចរណ៍សំខាន់ៗ ដូចជាខេត្តកំពត ១០២,៥៩៣ នាក់ កែប ៩៦,៤៧១ នាក់ ព្រះសីហនុ ៨០,៥១៩ នាក់ ពោធិ៍សាត់ ៥០,១០៩ នាក់ កំពង់ស្ពឺ ៣៩,៦៤២ នាក់ បាត់ដំបង ៣៧,៧២៤ នាក់ កំពង់ចាម ៣៦,១៤០ នាក់ និងសៀមរាប ៣៣,២២២ នាក់។

ទោះជាយ៉ាងណាក្តី នៅថ្ងៃឈប់សម្រាកទី៣នេះ គ្រប់គោលដៅទេសចរណ៍ទាំង២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ផងដែរ។

ទន្ទឹមនឹងនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ។

បើតាមក្រសួងទេសចរណ៍ដដែល ភ្ញៀវទេសចរភាគច្រើន ជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅជាលក្ខណៈរង្វង់ខ្សែទស្សនកិច្ច។ ជានិន្នាការថ្មីនោះ គឺភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសកន្លែងស្នាក់នៅដែលមានចង្រ្កានបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ខណៈដែលភ្ញៀវខ្លះទៀតជ្រើសរើសការទទួលទានអាហារជាលក្ខណៈសាច់អាំងគ្រួសាររៀបចំដោយខ្លួនឯង ហើយខ្លះទៀតក៏រៀបចំម្ហូបអាហារ ឬចង្រ្កានអាំងសាច់ និងប្រដាប់ប្រដាធ្វើម្ហូបផ្ទាល់ខ្លួនដាក់ក្នុងរថយន្តក្នុងពេលធ្វើដំណើរកម្សាន្តផងដែរ ដើម្បីកាត់បន្ថយការជួបជុំក្រុមភ្ញៀវផ្សេង និងសន្សំសំចៃថវិកាបានខ្លះ។

ចំពោះតម្លៃសេវា ពិសេសតម្លៃបន្ទប់ស្នាក់នៅ និងម្ហូបអាហារ ពុំមានការតំឡើងថ្ងៃហួសហេតុទេ គឺស្ថិតក្នុងកម្រិតសមរម្យ ដោយពុំមានបាតុភាពគួរកត់សម្គាល់ណាមួយកើតឡើងទេ។

សូមបញ្ជាក់ថា ភ្ញៀវសរុបសម្រាប់ថ្ងៃទី៣នេះ មានចំនួន ២៤៤,២៥៦ នាក់ (ថយចុះប្រមាណ ១០.០១% ធៀបនឹងថ្ងៃទី២ ប៉ុន្តែបើធៀបនឹងថ្ងៃទី១ គឺកើនឡើងប្រមាណ ៦៣.៩២%) ក្នុងនោះភ្ញៀវជាតិ ២៤២,៨៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៣៧៥ នាក់៕ រូបភាព៖ ក្រសួងទេសចរណ៍កម្ពុជា