មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញការយល់ឃើញថា បន្ទាប់ពីផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា លក់សិទ្ធិបទចម្រៀង Are you ok? ទៅឱ្យក្រុមហ៊ុនផលិតចម្រៀងនៅប្រទេសចិននេះ គឺជាពន្លឺនៃក្ដីសង្ឃឹមដ៏ថ្មីសន្លាងសម្រាប់សិល្បៈករ អ្នកនិពន្ធទំនុកចម្រៀង អ្នកនិពន្ធបទភ្លេង អ្នកចម្រៀង និងផលិតកម្មទាំងឡាយនៅប្រទេសកម្ពុជា។
នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ក្នុងឪកាសជាអធិបតីនៃសន្និសីទសារព័ត៌មាន និងចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង “Are you ok?” រវាងផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា និងក្រុមហ៊ុនចិន GESTOS លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា៖ អនុស្សរណៈលក់សិទ្ធិបទចម្រៀង Are you ok? របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅឱ្យខាងក្រុមហ៊ុនផលិតចម្រៀងនៅប្រទេសចិននេះ គឺជាពន្លឺនៃក្ដីសង្ឃឹមដ៏ថ្មីសន្លាងសម្រាប់សិល្បៈករ អ្នកនិពន្ធទំនុកចម្រៀង អ្នកនិពន្ធបទភ្លេង អ្នកចម្រៀង និងផលិតកម្មទាំងឡាយ។
រូបទីពីរ ខាងស្តាំ លោក ប៉ុក បូរក្ស
លោកថា នេះជាលើកដំបូងសម្រាប់វិស័យចម្រៀងក្នុងប្រទេសកម្ពុជា ដែលទទួលបានការចាប់អារម្មណ៍ពីដៃគូសហការពីបរទេសដូច្នេះ។
បើតាមលោក ប៉ុក បូរក្ស អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ គឺការចូលរួមគោរពទៅតាមច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឬកម្មសិទ្ធិបញ្ញា នៅក្នុងប្រទេសកម្ពុជាយើងថែមទៀតផង។
សូមបញ្ជាក់ថា MV បទ Are you ok? ត្រូវបានកែសម្រួលខ្លឹមសារ និងរូបភាពឡើងវិញ ដើម្បីឲ្យស្របទៅតាមលក្ខខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខណៈដែលបទនេះត្រូវបានក្រសួងសាមុីមួយនេះ ផ្តល់នូវទិដ្ឋាការជូនផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា ដើម្បីផ្សព្វផ្សាយជាសាធារណៈទាំងក្នុង និងក្រៅប្រទេស។
បទ Are you ok? ឃើញមានតារាល្បីៗលំដាប់ពិភពលោកបានយកបទនេះទៅសម្តែងដាក់ក្នុងបណ្តាញសង្គមយ៉ាងច្រើនជាពិសេសបណ្តាញសង្គម TikTok៕